(ភ្នំពេញ)៖ ជាវិធានការណ៍សម្រាប់ជំនួយសង្គម ខណៈដែលជួបដោយវិបត្តិកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចពង្រីកវិសាលភាពគ្របដណ្តប់ និងទំហំថវិកាសម្រាប់ «កម្មវិធីសាច់ប្រាក់ពលកម្ម» (Cash for Work) នៅក្នុងឆ្នាំ២០២០ ឲ្យឡើងដល់ ១០០លានដុល្លារអាមេរិក។
សេចក្តីប្រកាសព័ត៌មាន ស្តីពីអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះបានឲ្យដឹងថា ការពង្រីកវិសាលភាពបែបនេះ ដើម្បីស្រូបយកកម្លាំងពលកម្ម ដែលបាត់បង់ការងារពីរោងចក្រ សហគ្រាស និងដែលបានវិលត្រលប់ពីបរទេសមកស្រុកកំណើតវិញផង ព្រមទាំងដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាទូទៅផង និងដើម្បីបង្កើតនូវសមិទ្ធផលសង្គមសេដ្ឋកិច្ច តាមរយៈការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតូចៗ នៅតាមមូលដ្ឋាន សំដៅលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចផងដែរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបេ្តជ្ញា បន្តអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងឡាយ ដែលមានស្រាប់មិនឲ្យខកខាន ដោយនឹងរៀបចំដាក់ឲ្យអនុវត្ត នៅក្នុងខែមិថុនា ឆ្នាំ២០២០នេះ នូវកម្មវិធីជំនួយសង្គមសំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិដោយសារជំងឺកូវីដ១៩ ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ ដែលមានបណ្ណសមធម៌ទូទាំងប្រទេស ដោយយកចិត្តទុកដាក់បន្ថែមដល់កុមារអាយុក្រោម៥ឆ្នាំ, ជនពិការ, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារប្រជាពលរដ្ឋក្រីក្រទាំងនោះផងដែរ។
សូមជម្រាបថា ក្នុងគោលដៅធានាលំនឹងនៃសេដ្ឋកិច្ច និងសង្គម ពិសេសរក្សាលំនឹងអាជីវកម្មរបស់ក្រុមហ៊ុន, រោង-ចក្រ និង សហគ្រាស ឲ្យអាចបន្តអាជីវកម្ម ឆ្លងផុតពីវិបត្តិនៃជំងឺកូវីដ-១៩ នេះ, រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវវិធានការជុំទី ៤ ដើម្បីកាត់បន្ថយផលប៉ះពាល់នានា ដែលអាជីវកម្ម-ធុរកិច្ចក្នុងវិស័យសំខាន់ៗកំពុងជួបប្រឈម។
កញ្ចប់នៃវិធានការនេះ រួមបញ្ចូលនូវសមាសភាគធំៗពីរ គឺ៖ (១)-ការបន្តសុពលភាពនៃវិធានការមួយចំនួនដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក; និង (២)-ការដាក់ចេញនូវវិធានការថ្មីបន្ថែម ។
ជាមួយគ្នានេះ, វិធានការជុំទី ៤ នេះ ក៏បានគិតគូរដល់ការបង្កើននូវការចូលរួមចំណែកបន្ធូរបន្ទុក នៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ តាមរយៈកម្មវិធីជំនួយសង្គម (Social Assistance) ផងដែរ ។
ជាងនេះទៅទៀត, ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ អាចនឹងវិវត្តទៅដល់ដំណាក់កាលមួយដែលកាន់ តែធូរស្បើយ ហើយសេដ្ឋកិច្ចអាចដំណើរការបានប្រក្រតីឡើងវិញនាពេលឆាប់ៗខាងមុខ, វិធានការជុំទី ៤ នេះ ក៏ផ្តោតផងដែរ លើការជួយស្ដារ និង ជំរុញលទ្ធភាពអាជីវកម្ម និង ធុរកិច្ច ឲ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺនេះ៕