(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ (CNRP) នៅរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានចេញសេចក្តី​ថ្លែងការណ៍មួយ លើកឡើងថា ការជ្រើសរើស លោក ទេព នីថា ជាអគ្គលេខាធិការ គ.ជ.ប នៅព្រឹកមិញនេះ នឹងអាចនាំឱ្យមានការមិន​ទុកចិត្តក្នុងការបោះ​ឆ្នោត នៅពេលខាង​មុខទៀត។

សេចក្តីថ្លែងការណ៍ដែល Fresh News ទទួលបាននៅមុននេះ បានឱ្យដឹងថា គណបក្សសង្រ្គោះជាតិ មានការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការជ្រើសរើស លោក ទេព នីថា ធ្វើជាអគ្គលេខាធិការគ.ជ.ប នៅព្រឹកមិញនេះ ។

គណបក្សប្រឆាំងមួយនេះ លើកឡើងថា «គណបក្សទាំងពីរ ដែលមានអសនៈនៅរដ្ឋសភា បានឯកភាពគ្នាក្នុងការធ្វើកំណែទម្រង់គ.ជ.ប ដើម្បីទទួលបាននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតនានា។ ផ្ទុយទៅវិញ ការជ្រើសរើសឱ្យ លោក ទេព នីថា ជាអគ្គលេខាធិការគ.ជ.ប ចាស់ ទទួលតួនាទីជាអគ្គលេខាធិការថ្មី ដែលគណបក្សសង្រ្គោះជាតិក៏ដូចជាប្រជាពលរដ្ឋ មិនមានជំនឿក្នុងការរៀបចំការបោះឆ្នោតកន្លងមក ហើយអាចនាំឱ្យមានការមិនទុកចិត្តលើការបោះឆ្នោតនាពេលខាងមុខនេះ»

សូមបញ្ឌាក់ថា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំង ៩រូប បានសម្រេចជ្រើសរើស លោក ទេព នីថា ឲ្យបន្តគ្រងតំណែង​អគ្គលេខាធិការបន្តទៅទៀត ។ ចំណែកតំណែងអគ្គលេខាធិការរង៤រូប បានទៅលើ លោក ម៉ៅ សុភារិទ្ធ ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទិន្នន័យ និង បញ្ជីឈ្មោះអ្នកបោះឆ្នោត និងនាយកដ្ឋាន​ប្រតិបត្តិការ, លោក សោម សូរីដា ទទួលបន្ទុកនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម,  លោក នី ចរិយា អតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្ស ត្រូវទទួលបន្ទុកនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លោក ម៉ុក ដារ៉ា  សាស្រ្តាចារ្យច្បាប់ និង ជំនួយការច្បាប់អង្គការនិកហ្វិច ត្រូវទទួលបន្ទុកនាយកដ្ឋានបណ្តុះបណ្តាល អប់រំ អ្នកបោះឆ្នោត និង នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

យ៉ាងណាក៏ដោយមន្រ្តី​គណបក្សប្រជាជនកម្ពុជា បាននិយាយថា ការជ្រើសរើសនេះ គឺធ្វើឡើងស្របទៅតាមច្បាប់របស់គ.ជ.បថ្មី ដែលបង្កើតឡើងដោយគណបក្សទាំងពីរ៕

ខាងក្រោមនេះជាសេចក្តីថ្លែង​ការណ៍របស់គណបក្សសង្រ្គោះជាតិ៖