(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅសាលជុំ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជាបានប្រារព្ធ កម្មវិធី ផ្សព្វផ្សាយខ្លឹមសារ នៃសន្និបាតគណៈកម្មាធិការ កណ្តាលលើកទី៣៩ គណបក្សប្រជាជនកម្ពុជា ជូនសមាជិកសមាជិកា គណបក្ស នៅក្នុងក្រសួងធម្មការ និងសាសនា។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធម្មការ និងសាសនា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលមានការចូលរួមពីសមាជិកសមាជិកា សរុបប្រមាណជិត៤០០នាក់។
ក្រោយពីបានស្តាប់នូវខ្លឹមសាររួចមក លោកបណ្ឌិត បានកោតសរសើរ ចំពោះបងប្អូន សមាជិកសមាជិកាទាំងអស់ដែលគោរព ស្រឡាញ់ គណបក្សប្រជាជន ហើយខិតខំបំពេញភារកិច្ច ជូនជាតិមាតុភូមិ និងលើកឡើងពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ជំរុញការដោះស្រាយការលំបាក របស់មន្ត្រីរាជការ និងការអភិវឌ្ឍន៍ជាតិគ្រប់វិសយ័ដើម្បីធ្វើយ៉ាងណា ឲ្យបងប្អូនមានជីវភាព ធូរធា គ្រប់ៗគ្នា។ បន្ទាប់មក លោកបណ្ឌិត មិន ឃិន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងជូនពររបស់សម្តេចតេជោ ប្រធានគណបក្ស សម្តេចពញាចក្រី ប្រធានកិត្តិយសគណបក្ស ចំពោះសមាជិកសមាជិកា ទាំងអស់ផងដែរ ហើយសូមឲ្យបងប្អូន បន្តយកចិត្តទុកដាក់ បំពេញការងារជូនបក្ស និងរដ្ឋឲ្យកាន់តែទ្វេរដងថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍជាតិ ជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕