(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានចេញលិខិតអញ្ចើញ លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា ឲ្យចូលរួមប្រជុំស្តីពីការជួបជុំដាក់កម្រផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ។
យោងតាមលិខិតអញ្ចើញ ខាងលើដែលអង្គភាព Fresh News ទទួលបានមុននេះបន្តបន្តិច បានបញ្ជាក់ថា កិច្ចប្រជុំនឹងចាប់ផ្តើម នៅវេលាម៉ោង១៤៖៣០នាទី នៅសាលារាជធានីភ្នំពេញបន្ទប់លេខ២ ប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។
សមាសភាពដែលចូលរួមនៅក្នុងកិច្ចប្រជុំនេះ មាន១៤នាក់ ក្នុងនោះរួមមាន ឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះ ក៏មានរាយនាមឈ្មោះ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក ជា មុនី កាលពីពេលថ្មីៗនេះ បានថ្លែងប្រាប់សារព័ត៌មានថា គម្រោងអ្នកចូលរួមក្នុងពិធីបង្សុកូល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ខាងមុខ មានចំនួនជា១ពាន់នាក់ ប៉ុន្ដែគម្រោងនេះមិនទាន់អាចកំណត់បាន។ គោលបំណងសំខាន់ ដែលជាសារនៅក្នុងពិធីនោះ គឺទាមទាឲ្យតុលាការបន្ដស្វែងរក ឃាតករសម្លាប់លោក ជា វិជ្ជា។
លោក ជា វិជ្ជា អតីតប្រធានចលនាសហជីពកម្ពុជា ត្រូវបាន ខ្មាន់កាំភ្លើង មិនស្គាល់មុខ បាញ់ចំនួនបីគ្រាប់ បណ្តាលឱ្យ ដាច់ខ្យល់ស្លាប់ មួយរំពេច នៅនឹងកន្លែង ខណៈដែលលោក កំពុងឤនកាសែត នៅក្នុង តូបលក់កាសែតមួយ ជាប់នឹងរបងវត្តលង្កា ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៤៕