(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរស័ក្តិ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិថ្មី ចំនួន១០០នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយការិយាល័យជំនាញ លោកអធិការស្រុក ក្រុងទាំង១០ មន្ត្រីនគរបាលក្របខ័ណ្ឌថ្មី នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ចំនួន១០០នាក់ ស្រី៣៤នាក់ ក្នុងនោះ ថ្នាក់អនុសេនីយ៍ត្រី ចំនួន៤០នាក់, ថ្នាក់ព្រិន្ទបាលទោ ចំនួន៦០នាក់ ដែលជាក្របខណ្ឌមន្ត្រីនគរបាលជាតិថ្មី។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានណែនាំ និងជំរុញឲ្យមន្ដ្រីនគរបាលដែលទើបប្រកាសតាំងស៊ប់ ត្រូវខិតខំអនុវត្ត និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដើម្បីបំពេញភារកិច្ចទទួលបានជោគជ័យ តាមអ្វីដែលអង្គភាពប្រគល់ជូន។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ឲ្យមន្ដ្រីនគរបាលថ្មី ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យរបស់កម្លាំងនគរបាលជាតិ លេខ០០៦ ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន៕