(ភ្នំពេញ)៖ អ្នកជំនាញអះអាងថា សិស្សសាលាប្រឈមនឹងការឆ្លងកូវីដ១៩ និងជំងឺផ្សេងៗ ដោយសារការជក់បារីអេឡិចត្រូនិក (Vape) ប្រសិនប្រជាពលរដ្ឋនៅតែជក់បារីច្រើន។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានលើកឡើងថា ដោយសារតែការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) បង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សួត ប្រសិនបើអ្នកប្រើប្រាស់បារីអេឡិចត្រូវនិកឆ្លងជំងឺកូវីដ១៩ គាត់នឹងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់។ លោកបន្ដថា បារីអេឡិចត្រូនិក និងស៊ីសា (Sisha) ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហាមឃាត់មិនឱ្យមានការលក់ និងមិនឱ្យមានការប្រើប្រាស់ឡើយ។
ទោះជាមានការហាមឃាត់បែបនេះក្តី គេនៅតែឃើញមានការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក (Vape) នៅលើបណ្ដាញសង្គមជាច្រើនដោយប្រើឈ្មោះថា ម៉ាស៊ីនផ្ដាច់បារី។ ក្រោមហេតុផលនេះ អាជ្ញាធរមានសមត្ថកិច្ចគួរតែរឹតបន្តឹងវិធានការហាមឃាត់ការលក់ និងការប្រើប្រាស់បារីអេឡិចត្រូនិកឱ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ និងជំងឺផ្សេងៗ ជាពិសេសក្នុងចំណោមសិស្សសាលាវ័យក្មេង។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការព្រមាននេះ បន្ទាប់ពីមានការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) ជាច្រើននៅក្នុងចំណោមយុវជនវ័យក្មេង ជាពិសេសសិស្សសាលា។
ការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) ក្នុងចំណោមសិស្សសាលាវ័យក្មេងជាទូទៅតែងតែធ្វើឡើងជាក្រុម។ ការប្រើប្រាស់ឧបករណ៍ជក់រួមគ្នា ប្រឈមខ្លាំងនឹងការឆ្លងកូវីដ១៩ ពីមនុស្សម្នាក់ទៅម្នាក់ទៀតបាន ព្រមទាំងអាចលើទឹកចិត្ត និងងាយជំរុញឱ្យពួកគេឈានទៅប្រើគ្រឿងញៀនផ្សេងៗទៀត។
លោក មាន ប៊ុនឡុង ដែលជាសិស្សម្នាក់បាននិយាយថា «មិត្តភក្តិរបស់គាត់បានចូលលុយគ្នាដើម្បីទិញម៉ាស៊ីនផ្ដាច់បារី (Vape) យកមកជក់រួមគ្នាដោយសារតែឧបករណ៍នេះមានតម្លៃថ្លៃ»។ ដូចគ្នាទៅនឹងការបញ្ជាក់របស់យុវជន មាន ប៊ុនឡុង ដែរ គេឃើញមានសិស្សសាលាមួយក្រុមបានកំពុងជក់ Vape ជុំគ្នានៅក្នុងសាលារៀនមួយ តាមរយៈវីដេអូខ្លីមួយបង្ហោះនៅក្នុងបណ្ដាញសង្គម youTube។
ទាក់ទងនឹងផលប៉ះពាល់ដល់សុខភាពវិញ ការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) បង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សួត ដូចបារីធម្មតាដែរ។ គិតត្រឹមពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២០ ជំងឺសួតទាក់ទង់នឹងការប្រើបារីអេឡិចត្រូនិក (Vape) នៅសហរដ្ឋអាមេរិចមានប្រមាណ ២៨០០ ករណី ក្នុងនោះករណីស្លាប់បង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) មាន ៦៨ករណី។ នេះបើយោតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺ របស់សហរដ្ឋអាមេរិក (CDC)៕