(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ សំណើសុំឥណទានមានការប្រាក់ទាប នៃកញ្ចប់ហិរញ្ញប្បទានពិសេស៥០លានដុល្លារ របស់រាជរដ្ឋាភិបាលកម្ពុជា មានចំនួនជាង១៥០សំណើ ដែលបានដាក់មកធនាគារ ដែលគិតទាំងទឹកប្រាក់ប្រមាណ២០លានដុល្លារអាមេរិក។
កម្មវិធីហិរញ្ញប្បទានពិសេស៥០លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឲ្យដំណើរការផ្ដល់ឥណទាន ដែលមានការប្រាក់ទាប ចាប់ពីពាក់កណ្តាលខែមីនា ឆ្នាំ២០២០មក ដើម្បីគាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ក្រុមផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យម-ធំ សម្រាប់ការដំាដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្មជាដើម ក្នុងគោលដៅរួមចំណែកក្នុងការពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសនៅក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩។
ថ្លែងក្នុងកិច្ចសម្ភាសកម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍ លោក កៅ ថាច បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ មានការដាក់ស្នើសុំឥណទានមានចំនួន១៥៣ហើយ ក្នុងរង្វង់ទឹកប្រាក់២០លានដុល្លារ ហើយឥឡូវនេះយើងអនុម័តបានឲ្យកន្លះលានដុល្លារហើយ យើងនឹងអនុម័តជាបន្តបន្ទាប់ទៀត»។
បើតាមលោកអគ្គនាយក កៅ ថាច បានបញ្ជាក់ទៀតថា ដោយមានការណែនាំពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្នមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យមានការបញ្ចុះការប្រាក់នៃកញ្ចប់ហិរញ្ញប្បទានពិសេស៥០លានដុល្លារនេះ ដែលពីមុនអត្រាការប្រាក់៦.៥% ក្នុង១ឆ្នាំ សម្រាប់ទុនវិនិយោគ និង៦%សម្រាប់ទុនបង្វិល ប៉ុន្តែពេលនេះនឹងចុះមកត្រឹម ៥.៥%សម្រាប់ទុនវិនិយោគ និង៥% សម្រាប់ទុនបង្វិល ដែលនេះជាការជួយថែមទៀតដល់កសិករ៕