(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញឌីជីថលរូបនីយកម្មនៅកម្ពុជា មជ្ឈមណ្ឌលកម្ពុជា ៤.០ បានរៀបចំ «កម្មវិធីអក្ខរកម្មឌីជីថលតាមប្រព័ន្ធអនឡាញ (E-learning)» សម្រាប់សិស្សនិស្សិត បុគ្គលិក មន្រ្តីរាជការ សហគ្រិន ក៏ដូចជាសាធារណជនទូទៅ សំដៅឆ្លើយតបនឹងកំណើនតម្រូវការក្នុងការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងជីវភាពរស់នៅ ការសិក្សា និងការបំពេញការងារប្រចាំថ្ងៃ។
អក្ខរកម្មឌីជីថលពិតជាមានភាពចាំបាច់នាពេលបច្ចុប្បន្ន ក្នុងការធានាឲ្យយុវជន និងប្រជាពលរដ្ឋ មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រូបយកប្រើប្រាស់ និងចេះសម្របខ្លួនបានល្អ និងទាន់ពេលវេលាទៅតាមការផ្លាស់ប្តូរនៃបច្ចេកវិទ្យាថ្មីៗ នៅក្នុងសម័យកាលឌីជីថល ដើម្បីទាញយកប្រយោជន៍ជាវិជ្ជមានឲ្យបានជាអតិបរមា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលមានសក្តានុពល ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសុវត្ថិភាព ជាជំនួយដល់ការពន្លឿនកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
ទន្ទឹមនឹងនេះ តម្រូវការក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជម្រុញផលិតភាព ប្រសិទ្ធភាពការងារ និងបង្កើនភាពប្រកួតប្រជែង ក៏ជាផ្នែកសំខាន់មួយ ចូលរួមដល់ការពង្រឹងភាពធន់នៃសកម្មភាពអាជីវកម្ម ទប់ទល់នឹងឥទ្ធិពលអវិជ្ជមាននៃវិបត្តិជំងឺកូវីដ-១៩ ដែលបាននឹងកំពុងបង្កផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច-សង្គម ទាំងនៅកម្រិតសកលលោក តំបន់ និងកម្ពុជាផងដែរ។
ឈរលើស្មារតីនេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានរៀបចំ «កម្មវិធីអក្ខរកម្មឌីជីថល (Digital Literacy)» សម្រាប់សិស្សនិស្សិត បុគ្គលិក មន្រ្តីរាជការ សហគ្រិន ក៏ដូចជាសាធារណជនទូទៅ ដោយមានមេរៀន និងខ្លឹមសារថ្មីៗជាបន្តបន្ទាប់ ដើម្បីដាក់ផ្សាយនៅលើគេហទំព័រផ្លូវការ www.cambodia4point0.org និងទំព័រហ្វេសប៊ុក Facebook Page: កម្ពុជា ៤.០ - Cambodia 4.0 ។
សូមទស្សនាវីដេអូ អំពីរបៀបចុះឈ្មោះចូលរៀនកម្មវិធីអក្ខរកម្មឌីជីថល តាមប្រព័ន្ធអនឡាញ (E-learning) របស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលមានភាពងាយស្រួល និងឆាប់រហ័ស ខាងក្រោម៖