(ភ្នំពេញ)៖ ករណីអគ្គិភ័យកើតឡើងកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅក្លឹបកម្សាន្តរំាលេង EDM ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ខូចខាតក្នុងទឹកប្រាក់ជាង ៦០ម៉ឺនដុល្លារ។
មន្រ្តីនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ថា សម្រាប់ប្រតិបត្តិការ ជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យ ៦អង្គភាព សរុប៣៥គ្រឿង។
នៅព្រឹកនេះ ក្រុមការងារសហការជាមួយនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានចុះត្រួតពិនិត្យទីតាំង និងសាកសួរនាំសន្តិសុខដែលយាមនៅក្លឹប ហើយគាត់បានឆ្លើយថា គាត់យាមនៅតែបរិវេណខាងក្រៅ តែការឆេះចេញពីក្នុងមកហើយមិនដឹងមូលហេតុអ្វីដែរ។ ក្រោយការសួរនាំ និងស្រាវជ្រាវ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងបណ្តាល មកពីឆ្លងចរន្តអគ្គិសនី៕