(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានលើកឡើងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទី១ នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលបត្រនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) នៅផ្សារមូលបត្រកម្ពុជា។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមក្នុងពិធីចុះបញ្ជីជាផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រោយបញ្ចប់ដំណើរការបរិវិសកម្ម (ចុះឈ្មោះ ឬដាក់សំណើរទិញមូលបត្រ) របស់ខ្លួនរួចមកកាលពីពេលថ្មីៗនេះ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅថ្ងៃនេះ នឹងធ្វើឲ្យធនាគារ អេស៊ីលីដា ក្លាយជាក្រុមហ៊ុនចុះ បញ្ជីទី១២ និងជាធនាគារពាណិជ្ជទី១ នៅក្នុងប្រវត្តិសាស្ត្រទីផ្សារមូលបត្រនៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ឬភាសាសាមញ្ញហៅថា ភាគហ៊ុន) នៅផ្សារមូលបត្រកម្ពុជា»។
ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា ការណ៍ដែលគួរឲ្យកត់សម្គាល់នោះ គឺមូលធនូបនីយកម្មទីផ្សារសរុប (តម្លៃទីផ្សារនៃភាគហ៊ុនសរុប) របស់ធនាគារ អេស៊ីលីដា មានចំនួនប្រមាណ ៧,០០០ប៊ីលានរៀល (ប្រមាណ១.៧៥ប៊ីលានដុល្លារអាមេរិក) ដែលទំហំនេះស្មើនឹងជិត៣ដង នៃមូលធនូបនីយកម្មទីផ្សារសរុប នៅផ្សារមូលបត្រកម្ពុជា បច្ចុប្បន្នដែលនឹងធ្វើឲ្យទីផ្សារនេះ កាន់តែមានភាពទាក់ទាញ ចំពោះវិនិយោគិនបរទេស ជាពិសេស វិនិយោគិនជាស្ថាប័ន ហើយនេះគឺជាកត្តាមួយដែលនឹងជួយជំរុញ សកម្មភាពជួញដូរនៅផ្សារមូលបត្រកម្ពុជា។
ឧបនាយករដ្ឋមន្ដ្រីបន្ថែមទៀតថា សមិទ្ធផលថ្ងៃនេះ នឹងក្លាយជាគំរូមួយ សម្រាប់ជំរុញដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្សេងទៀត ដែលមានបំណង ឬកំពុងមានភាពស្ទាក់ស្ទើរ ក្នុងការប្រមូលទុនពីទីផ្សារមូលបត្រ ឲ្យកាន់តែមានភាពជឿជាក់ ក្នុងការចាប់យកឱកាសកៀរគរទុនសម្រាប់ពង្រឹង និង ពង្រីកអាជីវកម្មរបស់ខ្លួន។ ក្នុងន័យនេះ, ផ្សារមូលបត្រកម្ពុជា បាន និងកំពុងក្លាយជាច្រកហិរញ្ញប្បទានមួយ សម្រាប់ក្រុមហ៊ុន និងសហគ្រាសដែលត្រូវការទុន, ជួយគាំទ្រដល់ការរីកចម្រើន នៃវិស័យឯកជន និងក៏កំពុងបានផ្តល់នូវបរិយាកាស អំណោយផលដល់អ្នកចូលរួមទីផ្សារទាំងឡាយផងដែរ។
បើតាមលោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា គិតមកត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១២ក្រុមហ៊ុន ដែលក្នុងនោះ មានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ជាភាគហ៊ុន) ចំនួន៦ និងក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណចំនួន៦។
លោក ហុង សុហួរ បានគូសបញ្ជាក់ថា ក្រុមហ៊ុនទាំង១២នេះ បានប្រមូលទុនពីផ្សារមូលបត្រ សរុបប្រមាណជាង២៤០លានដុល្លារអាមេរិក។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងថា ការចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជានេះ ដោយសារចង់ឲ្យមានពិពិធកម្មប្រភពទុន ព្រោះថា ប្រភពទុនកន្លងមកពឹងផ្អែកទៅលើភាគទុនិកយុទ្ធសាស្ដ្រ ដែលវិនិយោគជាមួយធនាគារ និងពឹងបញ្ញើសន្សំនៅក្នុងស្រុក រួមទាំងប្រាក់បញ្ញើ ដែលមានការកំណត់ និងកម្ចីពីបរទេស។
បណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ថា អ្វីដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បើកទំព័រថ្មីនៅថ្ងៃនេះ គឺដើម្បីឲ្យប្រើប្រាស់ប្រភពទុនវិនិយោគ ពីវិនិយោគិនសាធារណៈ ក្នុងប្រទេសកម្ពុជា ក៏ដូចជាវិនិយោគិនទូទៅ ដែលចង់ធ្វើការវិនិយោគជាមួយអេស៊ីលីដា តាមទីផ្សារមូលបត្រនៅកម្ពុជា (ឬភាសាសាមញ្ញហៅថា ភាគហ៊ុន) នៅផ្សារមូលបត្រកម្ពុជា។
សូមជម្រាបថា វិនិយោគិនអាចដាក់បញ្ជាទិញ/លក់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពីម៉ោង០៨៖០០ព្រឹក នៅថ្ងៃចុះបញ្ជីនេះតទៅ៕