(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុងទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ចាត់តាំងតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលដឹកនាំដោយក្រសួងផែនការ ឱ្យមានភាពច្បាស់លាស់ បំបាត់ភាពមិនប្រក្រតី និងសម្រេចឱ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០។
លិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជម្រាបប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ជ្រាបថា រាជរដ្ឋាភិបាល សូមវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំធ្វើសកម្មភាព តាមតួនាទី និងភារកិច្ច ដើម្បីគាំទ្រ និងជំរុញការអនុវត្តសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ នានារបស់រាជរដ្ឋាភិបាល រួមចំណែកក្នុងការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ មានប្រសិទ្ធភាព ខ្ពស់។
យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាល គិតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អ្នកជំងឺកូវីដ-១៩ សរុប ចំនួន១២២ករណី បានជាសះស្បើយទាំងអស់ (១០០%) និងមិនមានអ្នកឆ្លងជំងឺរយៈពេលជាង ៣០ថ្ងៃជាប់ៗគ្នា។ ជាមួយនឹងការបន្តទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំ និងបានអនុវត្តវិធានការមួយចំនួន ដើម្បីផ្តល់កិច្ចអន្តរាគមន៍ជាបន្ទាន់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។
រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ឧបត្ថម្ភជាសាច់ប្រាក់ជូនគ្រួសារក្រីក្រដែលមានបណ្ណសមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតដែលទើបទទួល រងផលប៉ះពាល់បាត់បង់ចំណូលធ្លាក់ខ្លួនក្រីក្រដោយសារជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានដាក់ចេញសេចក្ដីសម្រេចស្ដីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងចំណោមភារកិច្ចទាំងនោះ មានភារកិច្ចដ៏សំខាន់មួយ គឺការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងក្រុមជនដែលត្រូវ ការការគាំពារជាចាំបាច់ផ្សេងទៀត នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំដោយក្រសួងផែនការ។
លើមូលដ្ឋាននេះ ក្រសួងផែនការ បានរៀបចំក្របខ័ណ្ឌ និងយន្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំដើម្បីបំពេញបន្ថែមទិន្នន័យ ដូចជាគ្រួសារក្រីក្រដែលមិនទាន់បានធ្វើការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ គ្រួសារខ្លះទៀតដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលធ្លាក់ចូលក្នុងភាពក្រីក្រ និងការកែសម្រួលទិន្នន័យគ្រួសារក្រីក្រដែលមានស្រាប់ និងដកចេញគ្រួសារដែលមានជីវភាពលេចធ្លោ គ្រួសារដែលមានសមាជិកស្លាប់អស់។ល។ កិច្ចការគាំទ្រនេះនឹងត្រូវមានការចូលរួម និងសហការជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវសម្រេចធ្វើឱ្យបានចប់សព្វគ្រប់ នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឱ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០។
ដើម្បីធានាសម្រេចឱ្យបានលទ្ធផលដូចបានគ្រោងទុកតាមកាលបរិច្ឆេទដែលបានកំណត់ខាងលើ ជាពិសេសជៀសវាងបាននូវភាពអសកម្ម ដែលធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់លើដំណើរការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ សម្តេចក្រឡាហោម ស ខេង បានសូមឲ្យប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត មេត្តាចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាបានភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតី ពីប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលដែលអាជ្ញាធរភូមិ ឃុំ សង្កាត់ បានសម្រេចជ្រើសរើសបញ្ចូលក្នុងទិន្នន័យគ្រួសារក្រីក្រ និងទទួលបាននូវបណ្ណសមធម៌សម្រាប់ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដែលនឹងត្រែងអនុវត្តនាពេលខាងមុខឆាប់ៗនេះ។
ដំណើរការរលូន និងលទ្ធផលនៃការឧបត្ថម្ភសាច់ប្រាក់មានតម្លាភាព គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសង្គមមាន ប្រសិទ្ធភាព ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ សំដៅចូលរួមសម្រាលការលំបាករបស់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម។ អាស្រ័យហេតុនេះ សូមប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ចាត់តាំងអនុវត្តតាមដាន គាំទ្រ និងជំរុញសកម្មភាពខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕