(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួង លើកទី៥ លើវិធាន លើវិធានការទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជាអន្ដជាតិ នៃជំងឺកូវីដនៅតាមច្រកចេញចូល។
ជាពិសេស ដើម្បីទទួលនូវមតិយោបល់របស់ប្រធានស្ថាប័ន ឬតំណាងនៃគណៈកម្មការអន្ដរក្រសួង និងការងារផ្សេងៗក្នុងការបន្ដដាក់ចេញនូវទិសដៅយុទ្ធសាស្រ្ដ សម្រាប់កែតម្រូវវិធានការ នៅក្នុងបរិបទប្រយុទ្ធជំងឺកូវីដ១៩នៅកម្ពុជា។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្ដីការក្រសួង។
លើសពីនោះ កិច្ចប្រជុំនៅថ្ងៃនេះ នឹងផ្ដោតសំខាន់ គឺការកំណត់អំពីវិធានការសុខាភិបាលអនុវត្ដដោយមន្ដ្រីចត្ដាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបគ្រោះអាសន្នបន្ទាន់ ចំពោះសុខភាពសាធារណៈដែលជាកង្វល់ជាតិ និងអន្ដរជាតិ នៅតាមច្រកចេញចូល។
ជាងនេះទៅទៀត សម្រាប់អ្នកដំណើរ ដែលគេចវេះ មិនឱ្យមន្ដ្រីចត្ដាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយមន្ដ្រីចត្ដាឡីស័ក ក្នុងការអនុវត្ដវិធានការសុខាភិបាល ឬមិនបំពេញបែបបទត្រឹមត្រូវ ត្រូវទទួលពិន័យអន្ដរការណ៍ជាប្រាក់ផងដែរ។
សូមជម្រាបថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវី១៩ ចំនួន១២៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១២២នាក់ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ចំនួន២នាក់៕