(ភ្នំពេញ)៖ ក្រោយទទួលអំណោយជាសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពីអង្គការសង្គ្រោះមេឃពណ៌ខៀវរបស់ចិន, វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានប្រគល់បន្តជូនក្រុមការងារថ្នាក់រាជធានី-ខេត្តទាំង២៥ និងក្រសួង មន្ទីរមួយចំនួនទៀត ដែលបានចូលរួមក្នុងការងារប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា សម្ភារដែលប្រគល់ជូនដល់ក្រុមការងារនាព្រឹកនេះ ក្នុងមួយអង្គភាពទទួលបាន ម៉ាស៊ីនបំភាយឧស្ម័នបាញ់សម្លាប់មេរោគកូវីដ១៩ ចំនួន២គ្រឿង, ម៉ាស់, សម្លៀកបំពាក់សម្រាប់បាញ់ថ្នាំ និងថ្នាំលាយទឹកសម្រាប់សម្លាប់មេរោគកូវីដ១៩។
ក្រៅពីការប្រគល់អំណោយសម្ភារ កម្មវិធីនាព្រឹកនេះក៏មានការបណ្តុះបណ្តាល ដល់ក្រុមការងារថ្នាក់រាជធានី-ខេត្ត អំពីការប្រើប្រាស់ម៉ាស៊ីនបំភាយឧស្ម័ន និងរៀបនាំការស្លៀកសម្លៀកបំពាក់ ក្នុងការបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ផងដែរ ដោយក្រុមការងារសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០។
លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា «សកម្មភាពនេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈការបាញ់សម្លាប់មេរោគ នៅតាមទីសាធារណៈហើយថា នឹងបន្តក្នុងការងារកៀរគរដើម្បីទទួលបានអំណោយបន្ថែមទៀតតាមដែលអាចធ្វើទៅបាន»។
លោក កឹមរ័ត្ន វិសិដ្ឋ បានបន្ថែមថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានសហការជាមួយក្រសួងស្ថាប័ននៅក្នុងប្រទេសកម្ពុជា។
លោកបន្ថែមថា «ទោះបីជាជំងឺនេះនៅកម្ពុជា មានស្ថានភាពស្រាលក្តី ប៉ុន្តែយើងមិនអាចសន្តិភាពនិយមថា អាចរួចផុតពីជំងឺនេះបាននោះទេ ព្រោះប្រទេសនៅជិតខាង និងប្រទេសនៅសកលលោក កំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរ ដូច្នេះយើងត្រូវតែបន្តប្រុងប្រយ័ត្នខ្ពស់ ហើយបន្តសហការជាមួយដៃគូរពាក់ព័ន្ធទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ»។
គួរជម្រាបថា កាលពីដើមខែឧសភានេះ, ក្រុមអ្នកជំនាញការស្ម័គ្រចិត្ត របស់អង្គការសង្គ្រោះមេឃពណ៌ខៀវ របស់ប្រទេសចិន ចំនួន ១០រូប បានមកបំពេញការងារស្ម័គ្រចិត្ត បាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅ១០រាជធានី/ខេត្ត របស់កម្ពុជា ហើយក៏បាននាំយកអំណោយជាសម្ភារការពារសុខភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជាផងដែរ ក្នុងនោះរួមមាន ម៉ាស៊ីនបំភាយឧស្ម័នចំនួន ២០០គ្រឿង, ម៉ាស់វេជ្ជសាស្ត្រចំនួន ២៨ម៉ឺនបន្ទះ និងសម្លៀកបំពាក់ការងារ មិនមែនសម្រាប់វិស័យវេជ្ជសាស្ត្រ ចំនួន ៩០០សម្រាប់។ សរុបជាថវិកាចំណាយជាង ១,២លានយ័ន៕