(កំពង់ធំ)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានកិច្ចប្រជុំជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដែលកំពុងបំរើការងារនៅក្នុងខេត្តកំពង់ធំ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងបញ្ហាកកស្ទះសំណុំរឿង និងពន្លឿនសេវាកម្មយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីលោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងលោក ស៊ីន វិរៈ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ធំ, លោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ រួមទាំងចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជីក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងការកកស្ទះសំណុំរឿង។
លោក ស៊ិន វិរៈ បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបានជំរុញឲ្យពង្រឹងកិច្ចការកកស្ទះសំណុំរឿងនៅតាមតុលាការ ដោយត្រូវមាន យុទ្ធនាការដោះស្រាយសំណុំរឿងដែលជាបញ្ហាប្រឈមនៅតាមសាលាដំបូងរាជធានី-ខេត្ត ពន្លឿនការរកយុត្តិធម៌ឲ្យបានឆាប់រហ័ស និងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្តល់សេវា យុត្តិធម៌ ដោះស្រាយការចង្អៀតណែន នៃអ្នកជាប់ឃុំនៅតាមពន្ធនាគារ។
លោក លាង សួគ៌ ក៏បានណែនាំ និងសំណូមពរដល់មន្រ្តីនគរបាលយុត្តិធម៌ ត្រូវចូលរួមពង្រឹងការអនុវត្តច្បាប់ និងរក្សាភាពយុត្តិធម៌រួមទាំងដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស លើការកកស្ទះសំណុំរឿង និងអនុវត្តអភិក្រមទាំង២ របស់ក្រសួងយុត្តិធម៌គឺយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងត្រូវអនុវត្តដោយផ្អែក លើមូលដ្ឋានឲ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវស្របច្បាប់បទដ្ឋានគតិយុត្តជាធរមាន ក្រសួងដាក់ចេញសេចក្តីណែនាំផ្នែលផ្លូវច្បាប់ និងធានាការដល់ការអនុវត្តអភិក្រមនេះ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវមានភាពយុត្តិធម៌ សុចរិតភាព ភាពត្រឹមត្រូវ ដោយមិនឲ្យមានជាដាច់ខាតនូវស្ថានភាពត្រីងៀតឆ្លៀតពងក្នុងយុទ្ធនាការ។
មន្រ្តីនគរបាលយុត្តិធម៌គ្រប់អង្គភាពបានប្តេជ្ញាចិត្ត ចូលរួមក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងបំរើសេវាកម្មយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋឲ្យបាន ឆាប់រហ័ស និងគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកកិច្ចប្រជុំរបស់សាលាដំបូង អយ្យការសាលាដំបូងខេត្តកំពង់ធំ ដើម្បីពង្រឹងការអនុវត្តច្បាប់និងការរួមគ្នា ដោះស្រាយនូវបញ្ហាប្រឈមនានាផងដែរ៕