(សៀមរាប)៖ សៀមរាប-អង្គរ គឺជាបរមភូមិដ៏ពិសិដ្ឋដែលបុព្វបុរសខ្មែរបានខិតខំអភិវឌ្ឍកសាងឱ្យមានការរីកចម្រើន និងមានភាពល្បីល្បាញតាំងពីសម័យអង្គរ ឬមុនសម័យអង្គរ (ព្រោះមានប្រាសាទ មួយចំនួនត្រូវបានកសាងមុនសម័យអង្គរទៅទៀត) រហូតមកដល់បច្ចុប្បន្ន ដែលបានប្រែក្លាយពីមហារាជធានីយសោធរបុរៈជាង ៦០០ឆ្នាំរបស់កម្វុជទេស មកជាតំបន់ទេសចរណ៍ ដ៏ល្បីល្បាញសម្រាប់មនុស្សជាតិទូទាំងពិភពលោក។
អង្គព្រះសូរិយាយាងចរបររាជរថពីនាយបូព៌ាទិស រះប្រក់កំពូលប្រាសាទព្រះបរមវិស្ណុលោក រំលេចសូរសែងចែងជះលើដែនសុវណ្ណភូមិ បាយ័ន្តរយពាន់ញញឹមប្រិមប្រិយស្រស់ឥតមានទាស់ លម្អសោភ័ណភាពទីក្រុងទេវកថាដ៏ធំមួយនេះប្រកបដោយភាពទាក់ទាញយ៉ាងមហស្ចារ្យ រង់ចាំស្វាគមន៍វត្តមានភ្ញៀវទេសចរគ្រប់ពេលវេលា មិនថាពីអតីតកាល ឬពេលបច្ចុប្បន្ន ឬតទៅអនាគតទៀតក៏ដោយ។
ថ្វីដ្បិតពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែនៅកម្ពុជាស្ថានភាពកូវីដ១៩ ស្ថិតក្រោមការគ្រប់គ្រងយ៉ាងល្អប្រសើរ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល។ នេះហើយជាអ្វីដែលកម្ពុជាចង់បង្ហាញថា សៀមរាប-អង្គរនៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានសុវត្ថិភាពខ្ពស់សម្រាប់ការទស្សនារបស់ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិ។
បច្ចុប្បន្ន វិស័យទេសចរណ៍ពិភពលោកកំពុងប្រឈមការគម្រាមកំហែងពីជំងឺកូវីដ១៩ ដោយចំនួនទេសចរមានការធ្លាក់ចុះយ៉ាងខ្លាំងស្ទើរគ្រប់ប្រទេស។ អង្គការទេសចរណ៍ពិភពលោក (UNWTO) បានប៉ាន់ប្រមាណថាវិបត្តិកូវីដ១៩ នឹងធ្វើឱ្យចំនួនទេសចរអន្តរជាតិធ្លាក់ចុះក្នុងរង្វង់ពី ៦០-៨០ ភាគរយក្នុងឆ្នាំ២០២០។
រដ្ឋាភិបាល នៃបណ្តាប្រទេសលើពិភពលោកបានដាក់បម្រាមមិនឱ្យប្រជាពលរដ្ឋរបស់ខ្លួនចេញក្រៅផ្ទះ (Lockdown) ឬក្រៅប្រទេស ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ដោយតម្រូវឱ្យប្រជាពលរដ្ឋអនុវត្តតាមវិធានអនាម័យ ការរក្សាគម្លាតសង្គម ដែលនាំឱ្យពួកគេប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដោយងាកមកប្រើបច្ចេកវិទ្យាថ្មីៗ បណ្តាញទំនាក់ទំនងសង្គម និងធ្វើការនៅផ្ទះជាដើម។
អង្គការទេសចរណ៍ពិភពលោកក៏បានដាក់ចេញនូវវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដោយស្នើឱ្យអ្នកទេសចរពិភពលោក «នៅផ្ទះថ្ងៃនេះ ធ្វើដំណើរនៅថ្ងៃស្អែក» ឬជាភាសាអង់គ្លេសថា Stay Home Today, Travel Tomorrow)។ ពិតណាស់ ទោះបីជាពួកគេកំពុងជាប់បម្រាមក៏ដោយ ក៏អ្នកទេសចរទាំងនោះមិនបានបោះបង់ក្តីស្រមៃរបស់ខ្លួន ក្នុងការធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា ក្រោយជំងឺកូវីដ១៩ត្រូវបានបញ្ចប់នាពេលខាងមុខ។
ខណៈប្រជាជនលើពិភពលោកត្រូវបានហាមមិនឲ្យធ្វើដំណើរនាសម័យកាល COVID-19 ក្រសួងទេសចរណ៍កម្ពុជាបានសហការជាមួយបណ្តាញទូរទស្សន៍អន្តរជាតិ BBC ក្នុងកម្មវិធី BBC Travel Show ផលិតវីដេអូផ្សព្វផ្សាយនៅលើបណ្តាញសង្គម YouTube ដែលមានចំណងជើងថា Coronavirus: Flying in the Age of COVID-19 ក្នុងបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌នៅតំបន់សៀមរាប និងតំបន់ជុំវិញអង្គរ ដើម្បីទាក់ទាញទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងវិញ ក្រោយវិបត្តិកូវីដ១៩ និងបម្រាមជុំវិញពិភពលោកត្រូវបានបញ្ចប់ (Your Guide to the Future of Travel Once the Lockdown is Over)។
ក្រៅពីនេះ ក្រសួងទេសចរណ៍ក៏កំពុងសិក្សាស្រាវជ្រាវ និងចងក្រងឯកសារស្តីពីវិធាននៃបរិបទថ្មីក្នុងវិស័យទេសចរណ៍ (New Normalization Protocols) ក្នុងសម័យកាល COVID-19 សម្រាប់ទេសចរជាតិ-អន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅកម្ពុជា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក (WHO) និងអង្គការទេសចរណ៍ពិភពលោក (UNWTO)។
សម្រាប់ខ្លឹមសារលម្អិត សូមចូលទៅកាន់តំណភ្ជាប់នេះ https://youtu.be/rz6p7YynVZI និងចូលរួមផ្សព្វផ្សាយបន្តឱ្យបានផុលផុស៕