(កំពង់ឆ្នាំង)៖ ប្រជាកសិកររស់នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលប្រកបមុខរបរដាំខ្ទឹមសន្លឹក និងបន្លែបង្ការផ្សេងៗសម្រាប់លក់ដើម្បីដោះស្រាយជីវភាពកន្លងមក ដែលត្រូវបាន ផ្អាកការដាំដុះមួយរយៈដោយសារតែតម្លៃកសិផលនៅលើទីផ្សារបានធ្លាក់ចុះ ព្រោះតែវិបត្តិជំងឺកូវីដ-១៩ នៅពេលនេះពួកគាត់បានចាប់ផ្ដើមដាំដុះឡើងវិញហើយ ព្រោះបច្ចុប្បន្ននេះខ្ទឹមសន្លឹក និងបន្លែផ្សេងៗ កំពុងមានតម្លៃខ្ពស់នៅក្នុងទីផ្សារឡើងវិញ។
បងស្រីម្នាក់ជាកសិករ ដែលជាម្ចាស់ចម្ការដាំដើមខ្ទឹមមួយកន្លែង នៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលារប្អៀរ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ថា ប៉ុន្មានថ្ងៃនេះដើមខ្ទឹមសន្លឹក និងបន្លែផ្សេងៗ គឺមានហាងឆេងទីផ្សារល្អប្រសើរឡើងវិញ ដែលស្ទើរតែវិវត្តទៅរកតម្លៃដើម គឺបានឡើងថ្លៃយ៉ាងគំហ៊ុកដែលដើមខ្ទឹមសន្លឹក ក្នុងមួយគីឡូក្រាមមានតម្លៃចាប់ពី ៣,០០០រៀល ទៅ៥,០០០រៀល រីឯបន្លែផ្សេងៗក៏មានមានតម្លៃខ្ពស់ផងដែរ ហើយមានប៉ុន្មានក៏ឈ្មួញកណ្ដាលប្រមូលទិញយកដែរ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង លោក សាយ សន្យា ដែលបានចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងដាំ ស្រ្តីកសិកររូបនេះ បានឲ្យដឹងថា បើប្រៀបធៀប ទៅនឹងតម្លៃកាលពីរប៉ុន្មានខែកន្លងទៅ គឺតម្លៃដើមខ្ទឹមសន្លឹកបានធ្លាក់ចុះស្ទើរហៅមិនឮ ដោយក្នុងមួយ១គីឡូក្រាមតម្លៃត្រឹមតែ ៦០០រៀល ទៅ៨០០រៀលតែប៉ុណ្ណោះ។ តម្លៃនេះធ្វើឲ្យប្រជាកសិករ មិនអាចបានចំណេញនោះទេ ពោលគឺខាតតែម្តងប្រសិនបើលក់។
តែទោះជាយ៉ាងនេះក្តី កសិករខ្លះរួមទាំងរូបគាត់ផងដែរ នៅពេលដែលតម្លៃខ្ទឹមចុះថោក ពួកគាត់មិនទាន់ដកលក់នោះទេ គឺបាននាំគ្នាដកដើមខ្ទឹមទាំងនោះយកទៅថែទាំទុកឱ្យល្អ សម្រាប់ធ្វើពូជនៅរដូវវស្សា ស្របពេលដំណាំដើមខ្ទឹមសន្លឹកឡើងថ្លៃវិញ គឺគាត់អាចលក់ពូជខ្ទឹមទាំងនោះទៅឲ្យប្រជាកសិករនៅក្នុងភូមិ ដែលគេត្រូវការទិញពូជយកទៅដាំបន្ត ពេលនោះដើមខ្ទឹមពូជនេះ អាចលក់បានក្នុងតម្លៃគួរសមផងដែរ។
ស្ត្រីម្នាក់ទៀតឈ្មោះ ស មុំ រស់នៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ដែលកំពុងតែដកស្មៅខ្ទឹមក្នុងចម្ការ បានរៀបរាប់ អ្នកស្រីបានប្រកបមុខរបរដាំខ្ទឹម និងបន្លែ ផ្សេងៗនេះជាច្រើនឆ្នាំមកហើយ ដោយឡែកដំណាំខ្ទឹម អ្នកស្រីមិនដែលបោះបង់ចោលនោះទេ បើទោះជាកន្លងមកតម្លៃខ្ទឹម បានចុះថោកក៏ដោយក៏បងស្រីនៅតែបន្តដាំ ដើមខ្ទឹមនេះ ជាប់មករហូតមិនដែលខកខានមួយឆ្នាំណាឡើយ ព្រោះតែដំណាំនេះវាងាយស្រួលក្នុងការថែទាំ និងឆាប់បានទទួលផលខុសពីដំណាំផ្សេងៗ បើទោះជាកាលពីរដូវប្រាំង មានការខ្វះខាតទឹកស្រោចស្រពក៏ដោយ។
ប៉ុន្មានថ្ងៃនេះដើមខ្ទឹមសន្លឹកមានហាងឆេងនៅក្នុងទីផ្សារឡើងវិញ គាត់ក៏នៅសល់ខ្ទឹមមួយចំការសម្រាប់ដកលក់ផងដែរ ខ្ទឹមនេះដែលគាត់បានថែទុកពីរដូវប្រាំងកាលដែល ខ្ទឹមនៅមានតម្លៃថោក។ អ្នកស្រីបានបន្តថា នៅពេលដកដើមខ្ទឹមលក់អស់ គាត់នឹងចាប់ផ្ដើមដាំដំណាំខ្ទឹមនេះសារថ្មី។ តែទោះជាយ៉ាងណាគាត់មិនទាន់ហ៊ានសម្រុកដាំខ្ទឹម សន្លឹកច្រើនតែមួយមុខនោះដែរ ដោយទុកដីពាក់កណ្ដាលដើម្បីដាំដំណាំបន្លែផ្សេងៗខ្លះ ខ្លាចក្រែងដំណាំខ្ទឹមដែលកំពុងតែឡើងថ្លៃ ហើយប្រជាកសិករនៅក្នុងភូមិឃើញដូច្នេះក៏នាំគ្នាសម្រុកដាំតែខ្ទឹមមួយមុខ ខ្លាចក្រែងធ្វើឱ្យខ្ទឹមចុះថោកឡើងវិញ មានតែបន្លែនេះហើយ ដែលអាចរក្សាតម្លៃខ្ពស់ក្នុងទីផ្សារ ដូច្នេះអ្នកស្រីត្រូវតែមានការប្រយ័ត្នប្រយែងក្នុងការដាំដុះដំណាំសេរីរាង្គនេះ។
ជុំវិញដំណាំដើមខ្ទឹម និងបន្លែបង្ការផ្សេងៗកំពុងមានហាងឆេងនៅលើទីផ្សារឡើងវិញខាងលើនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យភ្នាក់ងារ Fresh News ដឹងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះថា ពិតណាស់នៅក្នុងរដូវនេះតម្លៃកសិផលរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាសហគមន៍កំពុងមានតម្លៃខ្ពស់ឡើងវិញនេះ ដោយសារតែប្រជាកសិករយើងនៅតាមដងទន្លេ មិនអាចដាំដំណាំបន្លែបង្ការបានព្រោះរដូវនេះជារដូវទឹកឡើង។
ហេតុនេះហើយក៏ជាឱកាសមួយសម្រាប់បងប្អូនប្រជាកសិករ នៅតាមសហគមន៍ដែលពួកគាត់អាចមានឱកាសក្នុងការដាំបន្លែបង្ការផ្សេងៗ សម្រាប់ជាតម្រូវការនៅក្នុងទីផ្សារ គឺចាប់ពីរដូវវស្សានេះរហូតទៅដល់រដូវសម្រកគឺក្នុងអំឡុងចាប់ពីខែ១១ និងខែ១២ទៅ ទើបដំណាំបន្លែបង្ការផ្សេងៗ និងសម្បូរឡើងវិញ។
ម្យ៉ាងទៀតការដែលបន្លែបង្ការគ្រប់មុខ មានតម្លៃខ្ពស់នេះផងដែរ ក៏ដោយសារតែរាជរដ្ឋាភិបាល បានផ្អាកនូវការនាំចូលបន្លែបង្ការពីប្រទេសជិតខាង ទើបជាឱកាសដ៏ល្អសម្រាប់បងប្អូនប្រជាកសិករ ដែលប្រកបមុខរបរដាំដំណាំ បន្លែបង្ការផ្សេងៗ ទទួលបានតម្លៃសមរម្យដូចពេលបច្ចុប្បន្ននេះ។
លោកក៏បានណែនាំដល់ប្រជាកសិករក្នុងសហគមន៍ ដែលពួកគាត់មានដីច្រើនសុំពិនិត្យទៅលើលទ្ធភាពក្នុងការដាំដំណាំសេរីរាង្គខាងលើនេះ ធ្វើយ៉ាងណាកុំដាំតែដំណាំខ្ទឹម តែមួយមុខ ត្រូវចេះបែងចែកក្នុងការដាំដុះបន្លែគ្រប់មុខ ព្រោះពីពេលនេះទៅបន្លែផ្សេងៗ គឺសុទ្ធតែជាតម្រូវការចាំបាច់សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ ជាពិសេសរដូវនេះ ជារដូវ វស្សាយើងមានទឹកគ្រប់គ្រាន់ ដោយមិនមានការខ្វះខាតទឹកដូចកាលពីរដូវប្រាំងនោះទៀតឡើយ។ ដូច្នេះដើម្បីរួមចំណែកជួយដល់ប្រជាកសិករក្នុងការរកទីផ្សារជូនពួកគាត់ មន្ទីរកសិកម្ម បានខិតខំទំនាក់ទំនងពីទីផ្សារ របស់សហគមន៍ទៅទីផ្សារខាងក្រៅ ដើម្បីផ្សារភ្ជាប់ការទំនាក់រវាងសហគមន៍ និងទីផ្សារបន្ថែមទៀតជូនបងប្អូនប្រជាកសិករ៕