(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ បានចុះពិនិត្យវឌ្ឍនភាពនៃការសង់សង់គ្រឹះការពារច្រាំងព្រែកកុយ បណ្តោះអាសន្ន និងបន្ទាន់ប្រវែង ២៥០ម៉ែត្រ នៅភូមិអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស។

មន្ត្រីសាលាខេត្តកំពង់ចាមឱ្យដឹងថា ការសាងសង់គ្រឹះការការពារច្រាំងព្រែកកុយនេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ គឺសម្រេចបានប្រមាណជាង ៥០%ហើយ ក្នុងនោះប្រភេទការងារមានដូចជា ការរៀបចំគ្រឹះដោយរៀបចំប្រអប់ថ្ម Gabion box បន្តមកលើតាមមាត់ព្រែក ព្រមទាំងរៀបចំ ប្រព័ន្ធដោះទឹកក្រោមដី និងការងារចាក់ដីលុប ដើម្បីរៀបជាផ្លូវសម្រាប់ធ្វើដំណើឡើងវិញដែលគ្រោងសម្រេចឲ្យបានរួចរាល១០០% នៅមុនរដូវទឹកឡើងក្នុងឆ្នាំនេះ។

សូមបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានរដ្ឋបាលខេត្តកំពង់ចាម បានស្នើសុំទៅក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជួយអន្តរាគមន៍ និងសាងសង់ច្រាំងព្រែកប្រវែង២៥០ម៉ែត្រ ដើម្បីជាខឿនការពារច្រាំង និងផ្លូវអមតាមមាត់ព្រែក។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត រួមនឹងប្រតិភូអមដំណើរបាននាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារមួយចំនួនដែលជាអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរុះរើផ្ទះគេចចេញពីកន្លែងបាក់ច្រាំងចំនួន ២គ្រួសារ នៅឃុំសូរគង និងប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ២គ្រួសារ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០កន្លងទៅស្ថិតនៅក្នុងភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាសផងដែរ៕