(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បាននាំយកអំណោយមនុស្សធម៌ជូនគ្រួសារជនរងគ្រោះដោយសារអគ្គិភ័យ ដែលម្ចាស់រងគ្រោះគឺលោក ឃួន រ៉ា អាយុ៥០ឆ្នាំ ជាក្រឡាបញ្ជីសាលាដំបូងខេត្ត។
ផ្ទះធ្វើអំពីឈើ ថ្មខាងក្រោម ដំបូលសង័្កសី ជញ្ជាំងឈើ ទំហំ ៨x១៦ម៉ែត្រ ហើយមូលហេតុគឺទុសេខ្សែភ្លើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ក្នុងឱកាសនោះលោកស្រីកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះ។
លោកស្រីកិត្តិសង្គបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនីដែលជាប្រភព នៃគ្រោះថ្នាក់ និងត្រូវត្រៀមឧបករណ៍ពន្លត់អគ្គិភ័យ និងទឹកនៅក្នុងពាងជាប់ជាប្រចាំ ហើយសូមកុំអស់សង្ឃឹមត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ច គ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាតែប៉ុណ្ណោះ។
លោកស្រីក៏បានថ្លែងអំណរគុណដល់កងកម្លាំង ស្នងការនគរបាលខេត្តស្វាយរៀង និងកម្លាំងទាំងអស់ដែលបានចូលរួមក្នុងសកម្មភាពពន្លត់អគ្គិភ័យ។ លោកស្រីក៏បាន ជម្រុញឲ្យនគរបាល គ្រប់មូលដ្ឋាន បន្តរាល់សកម្មភាពបង្ការ ការពារសង្គ្រោះប្រជាពលដែលជួបគ្រោះអាសន្ន ពិសេសករណីអគ្គីភ័យនេះតែម្តង។ ជាមួយនោះលោកស្រី ក៏បានក្រើនរំលឹកឲ្យកងកម្លាំងនគរខេត្តស្វាយរៀងទាំងអស់បន្តអនុវត្តនូវវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ផងដែរ។
សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម កៅស៊ូតង់១ ធុងទឹកជ័រ១ ឆ្នាំងបាយសម្លរ២ កន្ទេលបត់១ មី ១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប មុង១ ភួយ១ ក្រម៉ា១ សារុង១ និងថវិកា ២,0០០,០០០រៀល៕