(កំពង់ចាម)៖ ប្រជាពលរដ្ឋជួបការលំបាក ចាស់ជរា ជនពិការ ចំនួន ៦០គ្រួសារ បានទទួលអំណោយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៅផ្ដល់ជូនដោយ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អមដំណើរដោយក្រុមការងារ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ក្នុងការសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងពាំនាំការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានបញ្ជាក់ថា ដោយមើលឃើញថាបងប្អូនប្រជាពលរដ្ឋ ជួបការខ្វះខាតក្នុងអំឡុងពេល ដែលប្រទេសជាតិជួបនូវវិបត្តិជំងឺឆ្លងកូវីដ ១៩ ហេតុដូច្នេះហើយទើប សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បាននាំអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកមកផ្តល់ជូន ដល់បងប្អូនប្រជាពលរដ្ឋភ្លាមៗ ដើម្បីដោះស្រាយជីវភាព ក្នុងគ្រាលំបាកនេះ។
លោកអភិបាលខេត្ត ក៏បានយកឱកាសនោះថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមឱ្យបន្តថែទាំសុខភាព ដោយអនុវត្តតាមវិធីសាស្ត្ររបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួន កុំឲ្យឆ្លងជំងឺកូវីដ១៩ ថ្វីដ្បិតតែជំងឺឆ្លងនេះ ក្នុងប្រទេសកម្ពុជាយើង បានថមថយយ៉ាងណាក៏ដោយដរាបណា មិនទាន់មានថ្នាំវ៉ាក់សាំងការពារគ្រប់គ្រាន់ទេនោះ សូមបងប្អូនប្រជាពលរដ្ឋ នៅតែបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋក្រីក្រទាំង ៦០គ្រួសារ ក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ ២៥ គក្រ ,ត្រីខ ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកត្រី ១យួរ ,ម៉ាស់ ៥ បន្ទះ និងថវិកាចំនួន ២០,០០០ រៀល៕