(ត្បូងឃ្មុំ)៖ នាឱកាសពិធីបញ្ចប់បួសរ៉ាម៉ាឌន ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ លោក កៅ អ៉ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី បាននាំថវិកាផ្តល់ជូនលោកតា លោកយាយ ចាស់ជរា និងអ្នកខ្វះខាត ចំនួន១០០នាក់ នៅក្នុងឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងម្នាក់ៗទទួលបានថវិកា៤ម៉ឺនរៀល។
បន្ទាប់ពីថ្លែងជូនពរដល់បងប្អូនសាសនិកឥស្លាម នាឱកាសបុណ្យរ៉យ៉ាអ៊ីតហ្វីទ្រី លោក កៅ អ៉ីមរ៉ន ក៏បានអរគុណសាសនិកនៅទូទាំងខេត្តត្បូងឃ្មុំ ដែលអនុវត្តបានខ្ជាប់ខ្ជួននូវសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់បញ្ហាជំងឺកូវីដ១៩ ក្នុងនោះបានសហការគ្នា ផ្អាករាល់ពិធីជួបជុំផ្សេងក្នុងពិធីបួសរ៉ាម៉ាឌនកន្លងទៅ ក៏ដូចជាពិធីថ្វាយបង្គុំរ៉យ៉ាអ៊ីតហ្វីទ្រីថ្ងៃនេះ បងប្អូនបានអនុវត្តនៅតាមផ្ទះរៀងៗខ្លួន។
លោក កៅ អ៉ីមរ៉ន បានបន្តថា ការមិនប្រតិបត្តិពិធីនេះបែបផ្តុំគ្នា ដោយមូលហេតុចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ គឺមិនមានអ្វីប៉ះពាល់ដល់ក្បួនច្បាប់ នៃក្របខណ្ឌឥស្លាមទេ តែផ្ទុយទៅវិញបងប្អូនកាន់តែទទួលបានផលបុណ្យ ពីការអត់ធ្មត់ និងផលបុណ្យនៃការគោរពគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ក៏ដូចជាគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា៕