(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកនៃសមាគមបេសកកម្មដំណឹងល្អ សហការជាមួយក្រុមហ៊ុន ប៊ីម៉ារៀលអ៉ីស្ទេត (Bema Real Estate co.Ltd) បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន ១០០គ្រួសារ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប និងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
លោក ខាន់ ខុន បានលើកឡើងថា សមាគមបេសកកម្មដំណឹងល្អ គឺជាអង្គការគ្រីស្ទបរិស័ទក្នុងស្រុក ដែលបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយពីជំនឿគ្រីស្ទបរិស័ទលើព្រះយេស៊ូវគ្រីស្ទ និងជួយរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការងារមនុស្សធម៌ តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។
លោកបានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យយកទុកដាក់ចិត្តចំពោះជំងឺកូវីដ-១៩ ព្រោះថាប៉ុន្មានថៃ្ងនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងថ្មីចំនួន២នាក់បន្ថែទៀត ដូច្នេះពលរដ្ឋមិនត្រូវធ្វេសប្រហែសឡើយ។ លោកជំរុញថា ត្រូវធ្វើអនាម័យឱ្យបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាល់កុល ជេលឱ្យបានញឹកញាប់ នៅពេលប៉ះ ឬកាន់នៅរបស់អ្វីមួយ ព្រមទាំងពាក់ម៉ាស ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារ ដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ជៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
លោកទីប្រឹក្សាក្រសួងធម្មកការ ថែមទាំងបានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ខ្យល់កន្ត្រាក់ ហើយត្រូវអប់រំកូនឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍។
អំណោយដែលត្រូវចែកជូនពលរដ្ឋចំនួន ១០០គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ត្រីខ ទឹកត្រី អាហារបំប៉នសុខភាព និងសម្ភារមួយចំនួនទៀត៕