(ភ្នំពេញ)៖ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំង ៩រូប បានសម្រេចជ្រើសរើសលោក ទេព នីថា ឲ្យបន្តគ្រងតំណែងអគ្គលេខាធិការបន្តទៅទៀត បើទោះបីមានមានមន្រ្តីអង្គការសង្គមស៊ីវិល និងមន្រ្តីគណបក្សនយោបាយមួយ ចំនួនសម្តែងការមិនពេញចិត្តក៏ដោយនោះ។
សេចក្តីសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរបស់សមាជិក គ.ជ.ប ទាំង ៩រូប នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា លោក ទេព នីថា នឹងទទួលបន្ទុករួមលើផ្នែករដ្ឋបាល និង ហិរញ្ញវត្ថុ។ ដោយឡែកតំណែងអគ្គលេខាធិការរងបានទៅលើ លោក ម៉ៅ សុភារិទ្ធ ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទិន្នន័យ និង បញ្ជីឈ្មោះអ្នកបោះឆ្នោត និងនាយកដ្ឋានប្រតិបត្តិការ, លោក សោម សូរីដា ទទួលបន្ទុកនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម, លោក នី ចរិយា អតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្ស ត្រូវទទួលបន្ទុកនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លោក ម៉ុក ដារ៉ា សាស្រ្តាចារ្យច្បាប់ និង ជំនួយការច្បាប់អង្គការនិកហ្វិច ត្រូវទទួលបន្ទុកនាយកដ្ឋានបណ្តុះបណ្តាល អប់រំ អ្នកបោះឆ្នោត និង នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
សូមបញ្ជាក់ថា បេក្ខភាពអគ្គលេខាធិការ និងអគ្គលេខាធិការរងទាំង ៥រូបនេះ ត្រូវបានចម្រាញ់ចេញពីបេក្ខភាពចំនួន ១២៤រូប ដែលបានដាក់ពាក្យប្រកួតប្រជែង៕
លោក ហង្ស ពុទ្ធា៖ សុក្រឹតភាពរបស់ គ.ជ.ប មិនស្ថិតលើអគ្គលេខាធិការឡើយ