(ភ្នំពេញ)៖ ក្រៅពីបញ្ជាឲ្យបង្រ្កាបក្រុមឈ្មួញរត់ពន្ធឈើទៅប្រទេសវៀតណាមហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃកម្ពុជា បានបញ្ជាឲ្យបង្កើតគណៈកម្មការបង្ក្រាបការរត់ពន្ធឈើទៅវៀតណាមផងដែរ ដែលគណៈកម្មការនេះ មាននាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន។
បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់តាមទំព័រ Facebok ពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះថា គណៈកម្មការបង្រ្កាបសកម្មភាពរត់ពន្ធឈើនេះ ធ្វើឡើងតាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
បើតាមលោក ខៀវ កាញារីទ្ធ គណៈកម្មការនេះ សម្តេចតេជោ បានចាត់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសជាប្រធាន អគ្គស្នងការរងនគរបាលជាអនុប្រធាន គ្រប់អភិបាលខេត្តជាប់ព្រំដែន និង អភិបាលខេត្តកំពង់ចាម ជាសមាជិក។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្រគល់ឧទ្ធម្ភាគចក្រចំនួពីរគ្រឿង សម្រាប់ប្រតិបត្តិការបង្រ្កាបជំនួញឈើ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកមិញនេះ សម្តេចតេជោហ៊ុន សែន ក៏បានក្រើនរំលឹកមន្ត្រីដឹកនាំខេត្ត និងស្រុក ឧស្សាហ៍តាម ដានព័ត៌មាន ដើម្បីក្តាប់បានសភាពការណ៍ក្នុងមូលដ្ឋានខ្លួន៕