(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការ គ្រប់គ្រងលើការវាស់វែង និងការផលិតផែនទី និងអាជីវកម្មវាស់វែង និងការផលិតផែនទី ទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ។
សេចក្តីព្រាងអនុក្រឹត្យនេះមាន៩ជំពូក និង៣៣មាត្រាអនុក្រឹត្យនេះ ក៏មានគោលដៅពង្រឹង និងធ្វើទំនើបកម្មប្រព័ន្ធវាស់វែង និងផលិតផែនទីនៅកម្ពុជា ដោយលើកទឹកចិត្ត ដល់ការចូលរួមរបស់វិស័យ ឯកជនលើការងារវាស់វែង និងការផលិតផែនទី ទប់ស្កាត់ការផ្សព្វផ្សាយ ការប្រើប្រាស់ជាសាធារណៈនូវផែនទី និងទិន្នន័យវាស់វែង ដែលមិនមានការអនុញ្ញាត និងរួមចំណែកក្នុងការប្រមូលថវិកា ជូនរដ្ឋពីវិស័យវាស់វែង និងផលិតផែនទី។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការងារ និងអ្នកវាស់វែងផលិតផែនទី និងចំពោះក្រុមហ៊ុន ដែលប្រកបអាជីវកម្ម ផ្តល់សេវាវាស់វែង និងផលិតផែនទីនៅកម្ពុជា៕