(ភ្នំពេញ)៖ ក្រោយបំពេញបេសកកម្មជួយបណ្តុះបណ្តាលក្រុមគ្រូពេទ្យយោធាកម្ពុជា ដើម្បីទប់ស្កាត់នឹងវីរុស COVID-19 រយៈពេល២ខែ ក្រសួងការពារជាតិកម្ពុជា បានបំពាក់គ្រឿងឥស្សរយយស ជូនដល់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាចិនចំនួន ៤រូប ដែលជាក្រុមជំនួយទប់ស្កាត់នឹងជំងឺវីរុសជូនចំពោះកម្ពុជា។
ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែឧសភានេះ បានបញ្ជាក់នៅតាម Facebook ថា ពិធីបំពាក់គ្រឿងឥស្សរយយសនេះ បានធ្វើលឡើងក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីម្សិលមិញ ដោយមានការអញ្ជើញចូលពីលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សម្តេចពិជ័យសេនា បានថ្លែងថា កម្ពុជាសូមថ្លែងអំណរគុណដល់ភាគីចិន ដែលបានចាត់បញ្ជូនក្រុមជំនាញយោធាវេជ្ជសាស្រ្តទប់ស្កាត់នឹងជំងឺវីរុសមកកាន់ប្រទេសកម្ពុជា និងព្រមទាំង បានផ្តល់ជំនួយជាសម្ភារទប់ស្កាត់ជាច្រើនផងដែរ។ កិច្ចការនៃក្រុមជំនាញយោធាវេជ្ជសាស្រ្តចិនមានភាពលេចធ្លោខ្លាំង បានជួយបណ្តុះបណ្តាលដល់មន្រ្តីយោធាវេជ្ជសាស្ត្រកម្ពុជាយ៉ាងច្រើនផងដែរ ហើយក៏បានចែករំលែកបទពិសោធន៍ និងមធ្យោបាយនៃការទប់ស្កាត់នឹងជំងឺវីរុស ជួយលើកកម្ពស់សមត្ថភាព និងអត្ថប្រយោជន៍សំខាន់ៗក្នុងការតបទល់ជាមួយនឹងជំងឺវីរុសមួយនេះ។ ក្នុងដំណើរប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ភាគីទាំងពីរបានសាមគ្គីគ្នា សហការគ្នាយ៉ាងស្អិតរមួត ហើយការជួយផ្នែកវេជ្ជសាស្រ្តដែលបានផ្តល់ដោយចិន បានជួយកម្ពុជាកាន់តែមានទំនុកចិត្ត និងកាន់តែមានភាពកក់ក្តៅ។
ឯកអគ្គរដ្ឋទូតចិន បានថ្លែងថា ចិន-កម្ពុជា ជួយយកអាសាគ្នាទៅវិញទៅមក ពួតដៃគ្នាក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុស យកសកម្មភាពជាក់ស្តែងមកបង្ហាញពីភាពត្រជះត្រចង់ នៃសហគមន៍ជោគវាសនារួម បង្កើតគំរូសម្រាប់កិច្ចទប់ស្កាត់នឹងជំងឺវីរុសសម្រាប់កិច្ចសហប្រតិបត្តិការសហគមន៍អន្តរជាតិ។ ពេលដែលចិនកំពុងតែជួបការលំបាកបំផុតក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសក្នុងប្រទេស កម្ពុជាបានផ្តល់ការគាំទ្រយ៉ាងមុតមាំបំផុតជូនដល់ភាគីចិន។
ភាគីចិនសូមវាយតម្លៃខ្ពស់ដល់កម្ពុជា ដែលបានប្រកាន់ភ្ជាប់ភាពទៀងត្រង់សច្ចធម៌លើឆាកអន្តរជាតិ បានប្រឆាំងនឹងជាមួយការប្រើស្ថានភាពនៃជំងឺវីរុសមកជាលក្ខណៈនយោបាយ និងលាបពណ៌បង្ខូចឈ្មោះអ្នកដទៃ។ ឆ្នាំនេះជាខួបអនុស្សាវរីយ៍ ១០ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា ជាខួបអនុស្សាវរីយ៍១ឆ្នាំ នៃការចុះហត្ថលេខាអនុវត្តផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា។
យើងត្រូវតែអនុវត្តកុងសុងស៊ីស ដែលបានកំណត់ដោយថ្នាក់ដឹកនាំយោធាទាំងពីរប្រទេសឱ្យបានល្អ រៀបចំកិច្ចទប់ស្កាត់ និងកិច្ចសហប្រតិបត្តិជាក់ស្ដែងសម្រាប់ជំងឺវីរុស។ ក្រោយពីឆ្លងកាត់ការលត់ដំនៃជំងឺវីរុស នឹងជួយជំរុញទំនាក់ទំនងយោធាទាំងពីរប្រទេសឈានទៅរកដំណាក់កាលថ្មីមួយ និងរួមគ្នាចូលរួមលះបង់ក្នុងបញ្ហាប្រឈមនេះលើសកលលោក និងក្នុងតំបន់។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញវេជ្ជសាស្រ្តដែលជាក្រុមជំនួយក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសដែលបានចាត់បញ្ជូនដោយកងទ័ពរំដោះប្រជាជនចិនជូនចំពោះប្រទេសកម្ពុជា បានមកដល់រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ហើយរយៈពេល ២ខែកន្លងមកនេះ ក្រុមអ្នកជំនាញនិងភាគីកម្ពុជាបានរួមសុខទុក្ខជាមួយគ្នា បានខិតខំប្រឹងប្រែងពុះពារក្នុងសង្រ្គាមជំងឺវីរុសនេះ ហើយក៏បានបង្កើតជាមនោសញ្ចេតនាដ៏សែនជ្រាលជ្រៅបំផុតដែលមិនអាចកាត់ផ្ដាច់បាន៕