(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មេភូមិ និង ស្រ្តីដែលទើបសម្រាលកូនចំនួន៥៧គ្រួសារ មកពី៩ភូមិ ស្ថិតនៅក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោក ម៉ម ប៊ុននាង បានលើកឡើងថា រាជរដ្ឋាភិបាលមានគោលនយោបាយគាំពារសង្គម ច្បាស់លាស់ចំពោះប្រជាពលរដ្ឋ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពជាប្រចាំ ពីព្រោះសុខភាពជាកត្តាចម្បង និងសំខាន់បំផុតសម្រាប់មនុស្សយើងគ្រប់គ្នា។ ដូចនេះ ត្រូវរស់នៅស្អាត ហូបស្អាត ដើម្បីជៀសឲ្យឆ្ងាយពីជំងឺប្រភេទថ្មី(CoV2019) និងជំងឺដង្កាត់ផ្សេងៗ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ជាពិសេស ប្អូនៗ ក្មួយៗ ដែលមានកូនតូចៗ ដែលជាទំពាំងស្នងឫស្សី ត្រូវធ្វើយ៉ាងណាបង្កាឲ្យបានខ្ពស់បំផុត ពីព្រោះថារដូវនេះជារដូវក្តៅ ដូចច្នេះមិនថាតែមនុស្សចាស់នោះទេ កូនតូចៗក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ផងដែរ។ ដូចច្នេះយើងត្រូវតាមដានឲ្យបានជាប់លាប់។
ជាមួយគ្នានោះ លោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នាដើម្បីការពារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី(CoV2019)។ ម៉ាស់ធម្មតាតែមួយមុខមិនអាចការពារប្រឆាំងនឹងការឆ្លងបានទេ ដើម្បីជៀសវាងការឆ្លងវីរុស COVID-19 នេះ ទី១. ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល ទី២. ខ្ទប់មាត់ និងច្រមុះរបស់អ្នកដោយប្រើកែងដៃ ឬក្រដាសជូតមាត់ នៅពេលក្អកឬកណ្តាស់ ហើយបោះចោលក្រដាសជូតមាត់ទៅក្នុងធុងសំរាមបិទជិត ទី៣. ជៀសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានរោគសញ្ញាដូចជា ផ្តាសាយ ឬគ្រុនក្តៅ (ត្រូវនៅឆ្ងាយពីគ្នាយ៉ាងតិច២ម៉ែត្រ) និងទី៤.ទៅជួបគ្រូពេទ្យប្រសិនបើក្តៅខ្លួន ក្អក ឬមានអារម្មណ៍ថាពិបាកដកដង្ហើម។
ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា អាជ្ញាធរឃុំ ត្រូវបន្តអនុវត្តជារៀងរាល់ថ្ងៃនូវយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ១៩ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក៏ដូចជាមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ អាជ្ញាធរ ស្របតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ។
ទន្ទឹមគ្នានេះដែរ លោក បានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈ គឺជាតម្រូវការយ៉ាងសំខាន់សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ជាពិសេសគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យសកម្មភាពនៅគ្រប់មូលដ្ឋានតាមលក្ខណសម្បត្តិទាំង៩គឺ គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរណ៍ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន គ្មានអំពើរអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើរហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់ គ្មានការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារអាវុធយុទ្ធភណ្ឌមុនទាន់ផ្ទុះ និងមានវិធានការស្រាវជ្រាវទប់ស្កាត់ ឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង ក៏បាននាំយកអំណោយមួយចំនួនចែកជូនដល់ស្ត្រីទើបសម្រាលកូនផងដែរ ដោយក្នុងមួយគ្រួសារៗ ទទួលបានមី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យូរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម សារុង០១ និងថវិកា ៥ម៉ឺនរៀល និង ជូនថវិកាចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព ដែលបានទទួលមរណៈភាពនៅក្នុងឃុំគោកត្រប់ចំនួន១៨នាក់ និងដោយឡែកឃុំត្រពាំងវែង ចំនួន០២នាក់ ក្នុងមួយគ្រួសារៗទទួលបានថវិកា២០ម៉ឺនរៀល ដែលចំណាយថវិកាសរុប ១៣.០០០.០០០រៀល៕