(កំពង់ធំ)៖ គ្រឿងក្នុងជ្រូកដែលឈ្មួញដឹកជញ្ជូនគ្មានច្បាប់ទម្លាប់ ត្រូវបានការិយាល័យផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ រួមសហការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ក្រាបបានជិត១តោន ហើយត្រូវបានធ្វើពិធីដុតកម្ទេចចោលនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

មន្រ្តី ការិយាល័យផលិតកម្ម និងបសុព្យាបាលសត្វខេត្តកំពង់ធំ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះថា នៅក្នុងពិធីដុតកម្ទេចគ្រឿងក្នុងជ្រូកដឹកនាំដោយ លោក ឌួង សារ៉ន ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងមានការចូលរួមលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការដ្ឋាននគរបាលខេត្ត, លោក ឃុន ប៊ុនហូរ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត, លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត និងលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម បសុព្យាបាលសត្វខេត្ត។

បើតាមមន្រ្តីជំនាញ ទំនិញដែលត្រូវបានដុតកម្ទេចរួមមាន៖

*ពោះជ្រូក
*ថ្លើមជ្រូក
*ស្លឹកត្រចៀកជ្រូក
*ឆ្អឹងជំនីជ្រូក
*គ្រឿងក្នុងជ្រូកមួយចំនួនទៀត។

សូមបញ្ជាក់ថា ផលិតផលខូចគុណភាពទាំងនេះ ត្រូវបានក្រុមឈ្មួញលួចនាំចូលពីប្រទេសថៃ ដើម្បីយកទៅចែកចាយនៅក្នុងរាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបង្ក្រាបនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២០ សហការជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ថិតនៅភូមិកកោះ ស្រុកសន្ទុក។

ការចុះបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតបានវត្ថុតាងជារថយន្តសាំងយ៉ុងពណ៌ស ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AN-1029 ដឹកជញ្ផូនគ្រឿងក្នុងសត្វគោចំនួន ១៦ឡាំងស្នោ ស្មើនឹង៩២៨គីឡូក្រាម ដោយគ្មាលិខិតអនុញ្ញាតត្រឹមត្រូវ៕