(ភ្នំពេញ)៖ ស្របពេលដែលការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី កំពុងបោះជំហានទៅមុខ លោក គឹម បញ្ញានាយកអង្គការមូលនិធិ បង្ការរបួសអាស៊ី (AIP Foundation) ប្រចាំកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានអង្គភាព Fresh News ឲ្យដឹងថា ការចូលរួមរបស់អ្នក ពាក់ព័ន្ធនានា ជាពិសេសពីវិស័យឯកជន និងសប្បុរសជននឹងជួយដល់ឲ្យការអនុវត្តច្បាប់ ចំពោះការពាក់មួកសុវត្ថិភាពកាន់តែទទួល បានជោគជ័យ។
លោក គឹម បញ្ញា បានគូសបញ្ជាក់ថា ការអប់រំផ្សព្វផ្សាយបង្កើន ការយល់ដឹងរបស់ពលរដ្ឋ និងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ជាប់លាប់ ស្មើភាព និងដោយតម្លាភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនអត្រានៃការពាក់មួកសុវត្ថិភាព ដែលនាពេលបច្ចុប្បន្ននៅ មានកម្រិតទាបនៅឡើយ ជាពិសេសសម្រាប់អ្នករួមដំណើរជាមួយ ព្រមទាំងកុមារ។ ទោះជាយ៉ាងនេះក្តីលោកនាយកអង្គការ យល់ឃើញថា ការចូលរួមរបស់អ្នកពាក់ព័ន្ធនានា ជាពិសេសពីវិស័យឯកជន និងសប្បុរសជន នឹងជួយដល់ឲ្យការអនុវត្តច្បាប់ ចំពោះការពាក់មួកសុវត្ថិភាព កាន់តែទទួលបានជោគជ័យខ្លាំងឡើង។ ក្នុងនោះលោកនាយកអង្គការបានស្នើសុំ និងលើកទឹកចិត្តដល់ វិស័យឯកជន និងសប្បុរសជននានា ឲ្យពិនិត្យលទ្ធភាពអនុវត្តនូវ វិធានការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
១. បន្តផ្តល់ព័ត៌មាន/ផ្សព្វផ្សាយបន្ថែមដល់មន្រ្តី បុគ្គលិក ឬនិយោជិតរបស់ខ្លួន អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី និងការរឹតបន្តឹងការ អនុវត្តច្បាប់ ដែលបានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦តទៅ ព្រមទាំងធ្វើការដាក់បញ្ចូលការកំណត់ អំពីការពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរជាមួយ និងវិធានសុវត្ថិភាពចរាចរណ៍ដទៃទៀត ទៅក្នុងគោលនយោបាយ ឬបទបញ្ជាផ្ទៃសម្រាប់ និយោជិតរបស់ខ្លួន។
២. ចូលរួមជំរុញការពាក់មួកសុវត្ថិភាព ជាពិសេសក្នុងចំណោមកុមារ តាមរយៈកម្មវិធីលើកទឹកចិត្តនានារបស់ក្រុមហ៊ុន ដូចផ្តល់ជា រង្វាន់មួក សុវត្ថិភាពដល់មន្រ្តី បុគ្គលិក ឬអតិថិជនរបស់ខ្លួន។
សម្រាប់ក្រុមហ៊ុនផលិត/ចែកចាយ ឬលក់ម៉ូតូនៅកម្ពុជា គួរផ្តល់ជាមួកសុវត្ថិភាពចំនួនពីរ (ក្នុងនោះមួកសុវត្ថិភាពមួយ គឺសម្រាប់កុមារ) សម្រាប់រាល់អតិថិជន ដែលបានជាវម៉ូតូរបស់ខ្លួន។ ចំពោះករណីនេះ ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ គួរពិនិត្យលទ្ធភាពធ្វើការពិភាក្សា និងសម្របសម្រួលជាមួយក្រុមហ៊ុនផលិត /ចែកចាយ ឬលក់ម៉ូតូទាំងឡាយ អំពីលទ្ធភាពដែលអាចឈានទៅដាក់ចេញនូវវិធានការនេះ ក្នុងពេលដ៏ឆាប់រហ័ស ព្រោះថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានម៉ូតូយ៉ាងតិចណាស់ ពី២សែនគ្រឿង ទៅ៣សែនគ្រឿង បានចុះបញ្ជី ក្នុងប្រទេសកម្ពុជាក្នុងមួយឆ្នាំៗ។ ដូច្នេះតាមរយៈវិធានការនេះ នឹងជួយដល់ប្រទេសកម្ពុជា អាចកំណត់បានថាមានកំណើន នៃអ្នកធ្វើដំណើរតាមម៉ូតូ (អ្នកបើកបរ និងអ្នករួមដំណើរតាមម៉ូតូ) ពី ២សែននាក់ទៅ ៦សែននាក់កំពុងពាក់មួកសុវត្ថិភាពនៅលើដងផ្លូវ ក្នុងមួយឆ្នាំៗ។
៣. បង្កើតឲ្យមានជា «មូលនិធិមួកសុវត្ថិភាព» សម្រាប់ផ្តល់មួកសុវត្ថិភាព ដែលមានគុណភាព (ស្របតាមស្តង់ដាជាតិ)ដោយឥតគិតថ្លៃ ដល់កុមារ ឬប្រជាពលរដ្ឋដែលស្ថិតក្នុងក្រុមគ្រួសារ មានជីវភាពក្រីក្រ ប៉ុន្តែមានតំរូវការចាំបាច់ក្នុងការទទួលបានមួកសុវត្ថិភាពសម្រាប់ ធ្វើដំណើរ ទៅសាលារៀន ឬក្នុងការប្រកបរបរចិញ្ចឹមជីវិត គ្រួសារប្រចាំថ្ងៃ។ល។ សប្បុរសជនក្នុងស្រុក ជាបុគ្គលផ្ទាល់ខ្លួនឬអាចរួមគ្នា ជាក្រុម គួរគិតគូរអំពីចំណុចនោះ ព្រោះវានឹងជួយសំរួលដល់ក្រុមគ្រួសារពលរដ្ឋ ដែលមានជីវភាពក្រីក្រ ក៏ដូចជានឹងបង្កើនបាន ការចូលរួម គោរពច្បាប់ចរាចរណ៍ ព្រមទាំងបង្ការបានសោកនាដកម្ម ដែលអាចកើតមានក្នុងចំណោមសមាជិក នៃក្រុមគ្រួសារពួកគេ ទាំងនោះ នៅពេលធ្វើដំណើរនៅលើដងផ្លូវ។ ប្រសិនបើមានគ្រោះថ្នាក់ កើតឡើងក្នុងចំណោមសមាជិកណាមួយ នៃគ្រួសារពួកគេ ជាពិសេសអ្នកដែលជាជំហរ ក្នុងការរកប្រាក់ចំណូលប្រចាំថ្ងៃ វានឹងរឹតតែធ្វើឲ្យគ្រួសារ របស់ពួកគេកាន់តែមានស្ថានភាពរស់នៅលំបាក ខ្លាំងបំផុត។ ណាមួយទៀត នេះគឺដើម្បីធានាថា យើងបានរួមគ្នាលើកស្ទួយសិទ្ធិជាមូលដ្ឋាន របស់ពួកគាត់ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ និងចូលរួម (ទទួលផលប្រយោជន៍ពី) ការអភិវឌ្ឍន៍។
សូមបញ្ជាក់ថា អង្គការមូលនិធិបង្ការរបួសអាស៊ី បាននឹងកំពុងរួមចំណែកលើការងារសុវត្ថិភាពចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦មក ហើយក្នុងនោះបានផ្តោតជាសំខាន់ លើការពាក់មួកសុវត្ថិភាព។ កម្មវិធីសំខាន់ៗដែលអង្គការបានអនុវត្ត នាពេលកន្លងមក ក៏ដូចជាក្នុងពេលបច្ចុប្បន្នរួមមាន៖ កម្មវិធីអប់រំផ្សព្វផ្សាយសាធារណៈ (តាមរយៈប្រព័ន្ធផ្សព្វផ្សាយ បណ្តាញ ទំនាក់ទំនងសង្គម និងសហគមន៍), កម្មវិធីអប់រំតាមគ្រឹះស្ថានសិក្សា ស្តីពីសុវត្ថិភាពចរាចរណ៍ និងការពាក់មួកសុវត្ថិភាពនិងកម្មវិធី លើកកម្ពស់បរិយាកាស អំណោយផលដែលខិតខំធ្វើការទាក់ទាញ ការគាំទ្រមតិ និងការផ្តល់ជំនួយបច្ចេកទេស ដល់ស្ថាប័ន រាជរដ្ឋាភិបាល និងអ្នកអនុវត្តច្បាប់សំដៅ ឲ្យមានការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានខ្ជាប់ខ្ជួន។
គិតមកទល់ពេលនេះ អង្គការមូលនិធិបង្ការរបួសអាស៊ី បានផ្តល់អំណោយមួកសុវត្ថិភាពដល់កុមារ និងប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៥ម៉ឺនមួកសុវត្ថិភាព ហើយគ្រោងនឹងផ្តល់មួកសុវត្ថិភាព (រួមទាំងក្នុងតម្លៃឧបត្ថម្ភ) ជាច្រើនពាន់មួកសុវត្ថិភាពបន្ថែមទៀត ក្នុងឆ្នាំ២០១៦ នេះ។ ថ្មីៗនេះ អង្គការមូលនិធិបង្ការរបួសអាស៊ី បានធ្វើការអំពាវនាវ ចំពោះវិស័យឯកជន រោងចក្រ សហគ្រាសឲ្យចូលរួមក្នុងកិច្ចខិតខំ ប្រឹងប្រែង លើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងការពាក់មួកសុវត្ថិភាព។
គួររំលឹកថា យោងតាមការសិក្សាស្រាវជ្រាវមួយ របស់អង្គការ AIP Foundation នៅឆ្នាំ២០១៤បានបង្ហាញថា បើមានការអនុវត្តច្បាប់ ចំពោះការពាក់សុវត្ថិភាព សម្រាប់អ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាព ហើយកម្រិតនៃការ ពាក់មួក សុវត្ថិភាព កើនបានត្រឹម៨០ភាគរយនោះ នឹងអាចជួយសង្គ្រោះជីវិតមនុស្ស ជាអ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារបានយ៉ាងតិច ណាស់៥៦១នាក់ និងការពារការរងរបួសក្បាលធ្ងន់ធ្ងររហូតដល់១០.៥៧៤នាក់ គិតត្រឹមឆ្នាំ២០២០។ ចំនួននេះមិនទាន់គិតពីការ សង្គ្រោះជិវិត អ្នកបើកបរម៉ូតូដែលមានចំនួន ម៉ូតូកាន់តែច្រើននៅឡើយទេ។
ខាងក្រោមនេះជារូបភាពសកម្មភាព រឿងអប់រំខ្លី និងលិខិតរបស់អង្គការមូលនិធិបង្ការ របួសអាស៊ីដែលបានផ្សព្វផ្សាយ កាលពីពេល ថ្មីៗនេះ ដោយបានធ្វើការអំពាវនាវចំពោះវិស័យឯកជន រោងចក្រសហគ្រាសឲ្យចូលរួមជំរុញការគោរពច្បាប់ចរាចរណ៍៕
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ នគរបាលចរាចរណ៍នឹងធ្វើការពិន័យ ១៥០០០ រៀលចំពោះជនណាដែលមិនពាក់មួកសុវត្ថិភាព
Posted by Asia Injury Prevention Foundation អង្គការមូលនិធិបង្ការរបួស អាស៊ី on Tuesday, December 22, 2015