(បាត់ដំបង)៖ ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន ៧៩គ្រួសារ រស់នៅឃុំចំនួន៩ ក្នុងស្រុកគោលដៅចំនួន៤ រួមមាន៖ ស្រុករុក្ខគិរី ស្រុកបាណន់ ស្រុកសំឡូត និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ឲ្យក្រុមការងារដឹកនាំដោយលោក យូ ឡាណា អគ្គលេខាធិការរងទី២ នៃកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនដល់ជនរងគ្រោះ ដោយខ្យល់កន្ត្រាក់ទាំង ៧៩គ្រួសារ។
ស្ថិតក្នុងឱកាសនោះ លោក យូ ឡាណា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលបំផ្លាញទ្រព្យសម្បត្តិ ផលដំណាំ។ ដោយមើលឃើញពីទុក្ខលំបាកបែបនេះ សម្តេចបានចាត់ឲ្យក្រុមការងារចុះឆ្លើយតបនៅតាមគោលដៅជនរងគ្រោះ។
ក្នុងនោះដែរ លោកអគ្គលេខាធិការរងទី២ បានសំណូមពរដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ខិតខំកសាងជីវភាពគ្រួសារឡើងវិញ ត្រូវយកចិត្តទុកដាក់ និងត្រៀមបង្ការចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះ គ្រោះអគ្គិភ័យ ដែលបណ្តាលអាចឲ្យខូចខាតទ្រព្យសម្បត្តិ ផលដំណាំ និងអាយុជីវិតជាយថាហេតុ និងត្រូវមាន ការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ-១៩ ត្រូវស្តាប់តាមការណែនាំរបស់ក្រសួង សុខាភិបាល ជាពិសេសការរក្សាអនាម័យ ដៃស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រើកន្សែងឬក្រមា ឬក្រដាសជូតមាត់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ រក្សាគម្លាតសុវត្ថិភាព សង្គម និងគម្លាតសុវត្ថិភាពបុគ្គល។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗ ទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា អាវយឺត) និងថវិកា៥០,០០០រៀល។ ដោយឡែកគ្រួសារ ដែលរងគ្រោះធ្ងន់ធ្ងរចំនួន១៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង
ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា អាវយឺត) តង់ចំនួន១ និងថវិកា១០ម៉ឺនរៀលផងដែរ៕