(ភ្នំពេញ)៖ ក្រុមហ៊ុនសែលកាត មានកិត្តិយសជាខ្លាំង ដែលបានក្លាយជាក្រុមហ៊ុនខ្មែរតែមួយគត់ ដែលបានជាប់នៅក្នុងបញ្ជី របស់ទស្សនាវត្តី CIO Bulletin ជា «30 Most Valuable Companies to Watch 2020»។
តាមសេចក្តីប្រកាស ចុះផ្សាយអនឡាញ នៅក្នុងសប្តាហ៍នេះ ដែលមានគោលបំណងលើកកម្ពស់ដល់ «ការកសាងអនាគតភ្លឺស្វាង និងភាពជោគជ័យសម្រាប់ ថ្នាក់ដឹកនាំធុរកិច្ច តាមរយៈការប្រើប្រាស់ជាយុទ្ធសាស្រ្តនៃចំណេះដឹង និងជំនាញគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា» គឺជាការឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ នូវកិច្ចខិតខំប្រឹងប្រែង និងដំណើរវិវត្តន៍ទៅមុខ របស់ក្រុមហ៊ុនទូរគមនាគមន៍ដែលគ្រប់គ្រង ដោយជនជាតិខ្មែរទាំងស្រុងតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។
លោក អៀន វ៉ាត់សុន Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឲ្យដឹងថា «ការទទួលស្គាល់នេះ គឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយ ព្រោះថា ក្រុមហ៊ុនសែលកាត តែងផ្តោតលើការកសាងកេរ្តិ៍ឈ្មោះ ក្នុងនាមជាក្រុមហ៊ុននាំមុខគេ ផ្នែកឌីជីថលនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនទាន់សម័យ ផ្នែកឌីជីថលល្អបំផុ តប្រចាំអាស៊ីអាគ្នេយ៍ ដែលពោរពេញទៅដោយភាពច្នៃប្រឌិតថ្មីៗ»។
នៅក្នុងខ្លឹមសារអត្ថបទ អំពីក្រុមហ៊ុនសែលកាត លោកនាយកប្រតិបត្តិ បានចូលរួមបកស្រាយនូវយុទ្ធសាស្រ្តអាជីវកម្ម និងការផ្តល់ជូននូវផលិតផលសម្បូរបែប ដើម្បីបំពេញសេចក្តីត្រូវការ របស់អតិថិជនប្រមូលផ្តុំ ដែលមានភាពស្មោះស្ម័គ្រ និងឋិតនៅក្នុងក្រុមចម្រុះគ្នា នៅក្នុងប្រទេសកម្ពុជា។
ផលិតផលលេចធ្លោ របស់ក្រុមហ៊ុនសែលកាតរួមមាន Osja Exchange និង Big Love ដែលជាគម្រោងផ្តល់ជូនអតិថិជនយ៉ាងគាប់ចិត្ត នូវនាទីសម្រាប់ហៅចេញ និងទិន្នន័យអ៊ីនធើណែតសម្រាប់ប្រើប្រាស់ ក្នុងតម្លៃមួយដ៏សមរម្យបំផុត។ នាពេលថ្មីៗនេះ សែលកាត ក៏បានផ្តល់ជូននូវកញ្ចប់សេវាកម្មថ្មីដែលមានដូចជា Cellcard 4U និងកម្មវិធីលេងហ្គេមទូរស័ព្ទតាមអនឡាញ ដូចជា Orange Esports PUBG Mobile ជាដើមផងដែរ។
គម្រោងទាំងនេះ បានចូលរួមជួយប្រយុទ្ធប្រឆាំងនឹង ផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុញ្ញាត ឲ្យបងប្អូនពលរដ្ឋខ្មែរអាចរក្សាទំនាក់ទំនងល្អ ជាមួយមនុស្សជុំវិញ និងរីករាយកំសាន្តដោយចំណាយក្នុងតម្លៃដ៏សមរម្យបំផុត ជាមួយបណ្តាញទូរស័ព្ទលឿនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។
ដើម្បីឲ្យមានភាពរីកចម្រើន និងសម្រេចបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុនសែលកាត លោក Watson ក៏បានដាក់ចេញនូវផែនការពង្រីកវប្បធម៌ នៃការបំពេញការងារ ដែលអនុញ្ញាត ឲ្យមានការពិភាក្សាដោយសេរី និងប្រកបដោយផ្លែផ្កានៅក្នុងក្រុមហ៊ុន ក៏ដូចជាការពង្រីកនូវផែនការ Personal Development Plans ជូនដល់បុគ្គលិកទាំងអស់ ដើម្បីជួយជំរុញពួកគេឲ្យមានភាពរីកចម្រើនផ្ទាល់ខ្លួន និងដើម្បីជួយក្រុមហ៊ុន ឲ្យសម្រេចបាននូវការប្រើប្រាស់សក្តានុពលបានពេញលេញ។
ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនសែលកាត បានទទួលពានរង្វាន់ជាច្រើន ដែលក្នុងនោះរួមមាន ទាំងពានរង្វាន់អន្តរជាតិ ប្រចាំតំបន់ និងក្នុងស្រុក ពីស្ថាប័នផ្សព្វផ្សាយឈានមុខគេ និងអង្គភាពឧស្សាហកម្មសកលចំនួន២៥ ដោយត្រូវបានទទួលស្គាល់ថា ជា បណ្តាញទូរស័ព្ទចល័តនាំមុខគេ នៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ននេះ ក្រុមហ៊ុនសែលកាត ក៏បានផ្តោតជាសំខាន់ផងដែរ ទៅលើការជំរុញឌីជីថលនីយកម្ម នៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំ ផ្តល់ជូននូវបច្ចេកវិទ្យា 5G ឲ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២០ ដល់អតិថិជនគោលដៅសំខាន់ៗ ស្ថាប័នរដ្ឋាភិបាល និងវិស័យសហគ្រាស៕