(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ការិយាល័យឆ្លើយតប បញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) សង្កេតឃើញថា មានការប៉ៈពាល់ដល់សេចក្តីថ្លៃថ្នូ របស់អ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក ដែលបង្កឡើងពីការលេងហ្គេម (Instant Game) កំសាន្ត ដែលមានឈ្មោះដូចជា Jumpy Jumpy, Basketball FRVR, Bounce Bounce, Lyto Different Color, ជាដើម ។
ក្រុមហ៊ុនហ្វេសប៊ុក បានបើកឲ្យមានមុខងារ Instant Game ដំបូងក្នុងឆ្នាំ២០១៦ ដល់អ្នកអភិវឌ្ឍន៍កម្មវិធី (developers) ទាំងអស់អាចធ្វើការបង្កើតហ្គេម ដែលងាយស្រួល លេងនៅលើទូរស័ព្ទ ដោយអាចដំណើការទាំងនៅលើ Facebook និង Messenger ដោយវាមានភាពងាយស្រួល មិនចាំបាច់ទាញយកហ្គេមពី Play Store របស់ Google ឬ App Store របស់ Apple នោះទេ ហើយអ្នកអភិវឌ្ឍន៍ហ្គេម អាចរកប្រាក់ចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការលក់របស់របរ ផ្សងៗនៅក្នុងហ្គេមនោះ។ គិតមកដល់សព្វថ្ងៃនេះ Instant Game របស់ក្រុមហ៊ុន Facebook គឺមានការពេញនិយមជាខ្លាំង។
តាមលក្ខណៈបច្ចេកទេស គឺ Instant Game ទាំងនោះបានទាញយកនូវរូបភាព (profile) នៃគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ដែលកំពុងតែមើលឃើញ មកដាក់តែប៉ុណ្ណោះ។ នេះដោយហេតុថា អ្នកដែលបានលេង Instant Game នេះបានធ្វើបានការចែកចាយ (share) បន្ទាប់ពីលេង Instant Game ទាំងនោះរួច។
បញ្ហាចោទនោះ នៅត្រង់ថា ហ្គេមទាំងនោះ បានភ្ជាប់ជាមួយនូវពាក្យអសីលធម៌ ឬមិនសមរម្យ ដូចជា «អ្នកដែលមានរូបក្នុងនេះសុទ្ធតែជាប្រពន្ធខ្ញុំ ឬជំពាក់លុយគេ ឲ្យចេះសងផង…» ជាដើម។ ការបន្ថែមនូវពាក្យពេចន៍នេះ ធ្វើឲ្យអ្នកប្រើប្រាស់មានការយល់ច្រលំ ពីអ្នកប្រើប្រាស់បណ្តាញសង្គមថា បុគ្គលដែលលេងហ្គេម នោះបានយករូបរបស់ពួកគេទៅដាក់ក្នុងហ្គេមនោះ ហើយភ្ជាប់ជាមួយពាក្យមិនសមរម្យ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរផ្សេងៗ។
ការលេងហ្គេម (Instant Game) ទាំងនោះ មិនអាចឈានទៅដល់ការលួចយកគណនីហ្វេសប៊ុក ឬលួចលុយក្នុងគណនីធនាគារនោះទេ។ ក្រុមហ៊ុនហ្វេសប៊ុក មានការយកចិត្តទុកដាក់ និងរឹតបណ្តឹងយ៉ាងខ្លាំងក្នុងការអនុញ្ញាតឲ្យ Game ឬ App ណាមួយអាចដំណើរការបាន នៅក្នុងថ្នាលរបស់ខ្លួន។
ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់ នៃកុំព្យូទ័រ CamCERT នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សូមធ្វើការណែនាំអំពីបញ្ហានេះ ដូចខាងក្រោម៖
ក៖ បើសិនជាអ្នកបានច្រលំចុចលេងទៅលើ Instant Game ទាំងនោះ សូមធ្វើតាមវិធីសាស្រ្តខាងក្រោម ដើម្បីលុបវាចេញពីក្នុងគណនីរបស់អ្នក៖
១៖ ចំពោះទូរស័ព្ទស្មាតហ្វូន៖
សូមចូលទៅកាន់ Settings & Privacy >> ចុច Setting >> ចុច Instant Games
ចុចលើឈ្មោះ Instant Games ដែលយើងចង់លប់ចោល >> ចុចលើពាក្យ Remove
២៖ ចំពោះកុំព្យូទ័រ៖
ចូលទៅកាន់ Settings >> Instant Games
ចុចលើឈ្មោះ Instant Games ដែលយើងចង់លប់ចោល >> ចុចលើពាក្យ Remove
ខ៖ បើសិនជាអ្នកមិនបានលេង Instant Game ទាំងនោះទេ អ្នកអាចជ្រើសរើសយកវិធីសាស្រ្តរាយការណ៍ (report) ដើម្បីឲ្យក្រុមហ៊ុនហ្វេសប៊ុកពិនិត្យលទ្ធភាព ធ្វើការបិទទៅលើ Instant Game ទាំងនោះ (ក្នុងករណីមានភាពមិនប្រក្រតី)៖
នៅផ្នែកខាងស្តាំ ចុចលើសញ្ញា “…”
ជ្រើសយក Find Support or Report Post
ចុចលើពាក្យ Spam
ចុចលើពាក្យ Next
ចុចលើពាក្យ Done
និយាយជារួម Instant Game ដូចដែលមានរៀបរាប់ខាងលើនេះ គឺមិនមានការលួចយកគណនីហ្វេសប៊ុក របស់អ្នកប្រើប្រាស់នោះទេ។ ក៏ប៉ុន្តែអ្នកប្រើប្រាស់ហ្វេសប៊ុក គួរតែមានការប្រុងប្រយ័ត្នផងដែរ ដោយសារតែ Instant Game មានច្រើនណាស់ ហើយយើងមិនដឹងអំពីប្រវត្តិ និងគោលបំណងរបស់អ្នកបង្កើតវាឡើងនោះទេ។
បើសិនជាក្រុមហ៊ុនហ្វេសប៊ុក មានការថ្លោះធ្លោយ ក្នុងការត្រួតពិនិត្យទៅលើ Game ឬ App ហើយអ្នកបង្កើត Game ឬ App មានបំណងមិនល្អនោះ អ្នកប្រើប្រាស់ អាចជួបនឹងហានិភ័យជាមិនខាន។
សុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញព័ត៌មានសង្គម គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមធ្វើការពិចារណា និងគិតឱ្យបានច្រើនដង មុននឹងចុច ឬចែករំលែកទៅលើអ្វីមួយ៕