(ភ្នំពេញ)៖ នៅរយៈពេល៤ខែដំបូង ឆ្នាំ២០២០នេះ ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា សម្រេចបាន៧១,៧៤៩តោន កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ។
របាយការណ៍បន្តថា ៤ខែដើមឆ្នាំ២០២០នេះ តម្លៃជ័រកៅស៊ូជាមធ្យម មានតម្លៃ១,៣៥៨ដុល្លារក្នុង១តោន។ ដូច្នេះបើគិតជាទឹកប្រាក់ នាំចេញជ័រកៅស៊ូដែលកម្ពុជា សម្រេចបាននៅរយៈពេល៤ខែមកនេះ មានចំនួន៩៧,៤៣៥,១៤២លានដុល្លារអាមេរិក។
របាយការណ៍បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់ការនាំចេញក្នុងខែមេសាវិញ សម្រេចបាន១៨,៦០៤តោន កើនឡើងចំនួន៦,៨៥៣តោន ស្មើនឹង៥៨ភាគរយបើធៀបនឹងខែមុន។ មួយវិញទៀតសម្រាប់តម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែមេសាមានចំនួន ១,១៩២ដុល្លារក្នុងមួយតោន។
របាយការណ៍បានបន្ថែមថា មកដល់បច្ចុប្បន្ននេះនៅកម្ពុជា មានផ្ទៃដីកៅស៊ូចំនួន៤០៤,៨០១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៥០,០៦៦ហិកតាស្មើនឹង៦២ភាគរយ និងផ្ទៃដីថែទាំចំនួន១៥៤,៧៣៥ហិកតាស្មើនឹង៣៨ភាគេយ។
សូមបញ្ជាក់ផងដែរថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕