(ភ្នំពេញ)៖ មន្រ្តីគណបក្សប្រជាជនកម្ពុជា ហាក់ពុំទាន់ជឿជាក់ ទៅនឹងការអនុវត្តរបស់ថ្នាក់ដឹកនាំ សកម្មជន រួមទាំងអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ ជុំវិញការបញ្ឈប់ ប្រើប្រាក់ពាក្យជេរប្រមាថ និងរិះគន់បែបអសីលធម៌ នៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងស្រុងនោះទេ បើទោះបីជាបក្សប្រឆាំងមួយនេះ បានចេញសេចក្តីអំពាវនាវជាថ្មី ឱ្យក្រុមរបស់ខ្លួនបញ្ឈប់ការរិះគន់ បែបអសីលធម៌ និងជេរប្រមាថក៏ដោយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបាននិយាយថា លោកស្វាគមន៍ចំពោះ ការអំពាវនាវ របស់គណបក្សសង្រ្គោះជាតិ ដើម្បីឱ្យសកម្មជនរបស់ខ្លួន ជៀសវាងនូវការជេរប្រមាថ និងរិះគន់បែបអសីលធម៌ នៅតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ដែលជាការទទួលស្គាល់កំហុស ប៉ុន្តែលោកមិនទាន់ជឿជាក់ ទាំងស្រុងនោះទេ ដោយសារតែកន្លង មកថ្នាក់ដឹកនាំបក្សប្រឆាំងនេះ ធ្លាប់បានអំពាវនាវច្រើនដងហើយ ប៉ុន្តែនៅតែមាន សកម្មជនជេរប្រមាថរហូតមក។
លោកថា «ខ្ញុំកត់សម្គាល់ថា ទង្វើរបស់គាត់ និងក្រុមគាត់កន្លងទៅនេះ មិនទទួលបានផលជាវិជ្ជមាននោះទេ ប៉ុន្តែនេះគាត់ទទួលថាជាកំហុស របស់គាត់កន្លងទៅហើយ ទី២ ខ្ញុំស្វាគមន៍ចំពោះការផ្លាស់ប្តូរឥរិយាបទ ព្រមទាំងសកម្មភាពរបស់គាត់ ដែលគាត់ណែនាំសមាជិកសមាជិការ របស់គាត់ ឬមួយក៏មេដឹកនាំតាមផ្នែក តាមក្រុមរបស់គាត់ក៏ប៉ុន្តែយើង នៅមិនទាន់ជឿជាក់ទាំងស្រុងទេ នេះជាទ្រឹស្តី ប៉ុន្តែវាពឹងផ្អែកលើ ការអនុវត្តជាក់ស្តែងសិន»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ កន្លងទៅ គណបក្សសង្រ្គោះជាតិ បានអំពាវនាវជាថ្មីម្តងទៀត ឱ្យថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រខ្លួនទាំងអស់ រក្សានូវភាពថ្លៃថ្នូរ សីលធម៌ខ្ពស់ ដោយមិនជេរប្រមាថ មិនប្រើរូបភាពប្រមាថ ក្នុងការបញ្ចេញមតិ បញ្ចេញយោបល់ ឬការរិះគន់បែបអសីលធម៌ តាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីស្វែងរកការផ្សះផ្សារជាតិ និងឯកភាពជាតិ៕