(សៀមរាប)៖ លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អមដោយមន្ត្រីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខកុមារកំព្រា នៅអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ មានទីតាំងស្ថិតនៅសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
តាមការលើកឡើង របស់តំណាងអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ បច្ចុប្បន្នអង្គការបាន និងកំពុងជួយបណ្តុះបណ្តាលលើបំណិនជីវិត មើលថែផ្គត់ផ្គង់ដល់កុមារកំព្រា និងកុមារទុរគតចំនួន៤០នាក់ ក្នុងនោះស្រី១៩។ ជាមួយគ្នានេះដែរ តំណាងអង្គការ បានសម្តែងអំណរគុណដល់គណៈប្រតិភូ នៃសមាគមសង្គហមិត្ត មន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចុះសួរសុខទុក្ខ និងផ្តល់ការឧបត្ថម្ភ ជួយដល់កុមារនៅអង្គការក្នុងគ្រា កំពុងជួបការខ្វះខាត ជាពិសេសក្នុងស្ថានការណ៍ដ៏លំបាក នៃការរាតត្បាតជំងឺកូវីដ១៩ ដែលបាន និងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា និងពិភពលោកទាំងមូល។
ក្នុងពិធីនេះ លោក ផា អេងវ៉េង បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ បេសកកម្មសប្បុរសធម៌ ដែលបានខិតខំបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លា និងបានចូលរួមចំណែកក្នុងការជួយសង្គ្រោះកុមារងាយរងគ្រោះ ឲ្យទទួលបាននូវភាពកក់ក្តៅ និងទទួលបានការបណ្តុះបណ្តាលជាមូលដ្ឋាន សម្រាប់កសាងអនាគតបានប្រសើរ។
ជាមួយគ្នានេះដែរ លោកអគ្គនាយករង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងបានរំលឹកដល់កុមារ និងបុគ្គលិកដែលកំពុងស្នាក់នៅ និងបំពេញភារកិច្ចនៅអង្គការនេះ ត្រូវបន្តការប្រុងប្រយ័ត្នអនុវត្តវិធានការអនាម័យ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារពីជំងឺកូវីត១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
អង្គការសប្បុរសធម៌កម្ពុជកុលបុត្រ គឺជាគោលដៅទី៦ នៃការចុះសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភរបស់មូលនិធិសប្បុរសធម៌ នៃសមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់កុមារ និងជនងាយរងគ្រោះក្នុងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសកល។
អំណោយដែលសមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាំមកជូនអង្គការសប្បុរសធម៌កម្ពុជកុលបុត្រនាថ្ងៃនេះ សម្រាប់ចែកជូនដល់កុមារ និងបុគ្គលិកបម្រើការ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារសម្អាត និងថែរក្សាអនាម័យ រួមមានដូចជា អង្ករ១០បាវ, មី១កេសធំ, ត្រីខកំប៉ុង១កេសធំ, ទឹកស៊ីអ៊ីវ០៥យួរ, ប្រេងឆា៥ដប, ភេសជ្ជៈ ៥ កេស, សាប៊ូដុំលាងដៃ ១ កេស, សាប៊ូម្សៅ ១កេស, ប្រេងកូឡា ៣ ឡូ, អាល់កុល ១ កាន (ស្មើនឹង ៣០ លីត្រ), ក្រម៉ា ៥០, ម៉ាស់ ២៥០ បន្ទះ, និងឧបករណ៍ស្ទង់កម្តៅ ១ គ្រឿង ព្រមទាំងថវិកាមួយចំនួនផងដែរ៕
http://image.freshnewsasia.com/2020/id-021/May/fn-2020-05-23-07-40-34-0.JPG