(ភ្នំពេញ)៖ និស្សិត និងអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យល្បីៗលើពិភពលោក ប្រមាណ ២៥នាក់ បានចូលជួបស្វែងយល់ និងដកស្រង់ពិសោធន៍ដឹកនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបាននាំកម្ពុជាចេញពីគនរផេះផង់ នៃភ្លើង សង្រ្គាម នាំមកនូវសន្តិភាព និងភាពរីកចម្រើនគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។
សិស្សទាំង ២៥រូបនេះ មកពី សាលា Harvard Kennedy School សាលាពាណិជ្ជកម្ម Harvard សាលាអប់រំ Harvard មហាវិទ្យាល័យ Harvard សាលាច្បាប់និងកាទូត (Fletcher School of Law and Diplomacy) សាលា Science Po Paris School សាកលវិទ្យាល័យ Oxford សាកលវិទ្យាល័យ Victoria និងក្រុម Sunway Education Group ដែលតំណាងឲ្យចំនួន១០ប្រទេសមកពីជុំវិញពិភពលោក។ និស្សិតទាំង ២៥រូបនេះ កំពុងធ្វើកម្មសិក្សាមួយក្រោមប្រធានបទ «ការអភិវឌ្ឍតំបន់ អាស៊ី៖ នៅពេលអាស៊ីក្លាយជាតំបន់សក្កានុពល នៃពិភពលោក»។
ប្រតិភូនិស្សិតបានបង្ហាញពីវត្ថុបំណង ដែលនាំឲ្យពួកគេជ្រើសរើសកម្ពុជា ដើម្បីសិក្សាស្វែងយល់ ដោយសារកម្ពុជាជាប្រទេស មានកំណើនសេដ្ឋកិច្ចខ្ពស់នៅចំណាត់ថ្នាក់លេខរៀងទី៦ លើពិភពលោក ដែលមានការរីកចម្រើនខ្លាំង។ លើសពីនេះទៀត កម្ពុជាក៏ជាប្រទេសកំពុងវិវឌ្ឍន៍ឆ្ពោះទៅមុខក្នុងផ្លូវវិជ្ជមាន។ រយៈពេលទស្សនកិច្ចសិក្សា ៤ថ្ងៃនៅកម្ពុជា ក្រុមប្រតិភូនិស្សិត មានគម្រោងជួបពិភាក្សាចែករំលែកផ្តល់បទពិសោធភាពជាអ្នកដឹកនាំ ដល់យុវជនខ្មែរប្រមាណ ២០០នាក់ផងដែរ។
សម្តេច តេជោ ហ៊ុន សែន បានផ្តល់ដំបូន្មានល្អៗដល់ក្រុមប្រតិភូនិស្សិត រួមទាំងបទពិសោធន៍ដឹកនាំ ដើម្បីឲ្យពួកគេក្លាយទៅជាមេដឹកនាំល្អនៅថ្ងៃអនាគត។ សម្តេចតេជោ បានលើកយកបទពិសោធន៍ និង គោលនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និង ការបញ្ចប់សង្រ្គាមទាំងស្រុង។
ទន្ទឹមនិងនេះ សម្តេចតេជោ បានពន្យល់បង្ហាញឲ្យក្រុមប្រតិភូនិស្សិតទាំងអស់ កាន់តែយល់ដឹងបានច្បាស់អំពីតួនាទីអាស៊ាន ក្នុងការថែរក្សាសុខសន្តិភាពក្នុងតំបន់ និង ការរួមគ្នាដោះស្រាយបញ្ហាសមុទ្រចិនភាគខាងត្បូង ដោយឈរលើមូលដ្ឋានសន្តិភាព។
សម្តេចតេជោ បានគូសបញ្ជាក់ក្រុមនិស្សិតទាំងនោះថា ប្រទេសដែលមានបញ្ហា គឺត្រូវតែរួមគ្នាដោះស្រាយដោយផ្ទាល់ ចៀសវាងការបង្កបញ្ហាកាន់តែស្មុគស្មាញបន្ថែមដល់ប្រទេសក្នុងតំបន់។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា កម្ពុជា កំពុងអនុវត្តកំណែទម្រង់ជាបន្តបន្ទាប់ រួមទាំងការបំបាត់អំពើពុករលួយ និងប្រព័ន្ឋតុលាការ យុត្តិធម៌ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និង យុត្តិធម៌សង្គម ដែលធានាបានផលប្រយោជន៍ប្រជាពលរដ្ឋ។
ក្រុមប្រតិភូនិស្សិតបានសម្តែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត ដែលសម្តេចតេជោ ហ៊ុន សែន បានចែករំលែកបទពិសោធន៍ដឹកនាំកសាងប្រទេស រួមទាំងបានពន្យល់បកស្រាយក្បោះក្បាយអំពីតួនាទីដ៏សំខាន់របស់អាស៊ាន ចំពោះសន្តិសុខ និងស្ថេរភាពក្នុងតំ បន់ និងពិភពលោក។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ប្រាក់បុរាណខ្មែរ ដែលបានបោះពុម្ពុឡើងវិញ ជាវត្ថុអនុស្សាវរីយ៍ជូនក្រុមប្រតិភូ ប្រកបដោយភាពរីករាយ និង ស្និទ្ឋស្នាល៕