(បាត់ដំបង)៖ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ លោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានអញ្ជើញប្រកាសកែសម្រួលសមាសភាពកក្រុមការងារបក្សដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្សខេត្ត ក្រុង សង្កាត់ និងសមាជិក សមាជិកាក្រុមការងារបក្សជាច្រើនរូបទៀតចូលរួមផងដែរ។
ក្នុងឱកាសនោះដែរលោក ងួន រតនៈ បានផ្តាំផ្ញើដល់សមាជិកក្រុមការងារទាំងអស់ ខិតខំប្រឹងប្រែងពង្រឹងការងារមនុស្សធម៌ដល់ជនក្រីក្រ នៅតាមមូលដ្ឋានយើងនេះបន្តទៀតឱ្យបានល្អប្រសើរជាងមុន ព្រមទាំងបានធ្វើការដោះស្រាយនូវបញ្ហាផ្សេងៗ ដែលនៅសេសសល់ឱ្យអស់រួចរាល់ផងដែរ។
លោក ងួន រតនៈ ក៏បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំក្រុមការងារ ដែលបានចុះដល់មូលដ្ឋានជាប្រចាំ ដើម្បីក្តាប់របាយការណ៍ និងសំណូមពរ របស់ប្រជាពលរដ្ឋទូទៅ។
ប្រធានក្រុមការងារ បានប្រាប់ទៅថ្នាក់ដឹកនាំថា ចាប់ពីពេលនេះទៅក្រុមការងារចុះជួយសង្កាត់យើងទាំងអស់ធ្វើ យ៉ាងណាបម្រើប្រជាពលរដ្ឋនៅតាមបណ្តាភូមិនានា ឱ្យបានល្អលើគ្រប់វិស័យ ដើម្បីចិញ្ចឹមចលនា មានការគាំទ្រពីពួកគាត់ ដើម្បីគាំទ្រគណបក្សយើងឈានទៅភាពជោគជ័យ ក្នុងការបោះឆ្នោតឃុំសង្កាត់ អាណត្តិតំណាងរាស្រ្ត នីតិកាលទី៧ និងអណត្តិបន្តបន្ទាប់ខាងមុខទៀត បន្តដឹកនាំប្រទេសជាតិមានការអភិវឌ្ឍកាន់តែរីកចម្រើនតទៅអនាគតផងដែរ។
បន្ទាប់ពីរបាយការណ៍គមន៍របស់ តោ ហុន ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកព្រះស្តេច និងអំណានសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះភូមិទាំង ៨ចំណុះឱ្យសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយលោកឆាយ ម៉ាទីណាល់ អនុប្រធានគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកព្រះរួចមក។
ក្នុងឱកាសនោះ លោកស្រី ផាវ៉ាន់ សាកឿត អនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់បានឡើងរាយការណ៍ស្តីពី ចំណុចខ្លាំងការធ្វើសកម្មភាព កសាង ពង្រីកសមាជិកថ្មី មានរីកចម្រើនកើនជាងមុន សំដៅស្វែងរកការគាំទ្រដល់គណបក្សឈានទៅរកការជ័យជំនៈក្នុងការបោះឆ្នោតនាឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខបន្តទៀតផងដែរ៕