(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃទេស បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ជូសែល ជេហ្សូនីហ្គា អនុព័ន្ធយោធាអមស្ថានទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកបានបំពេញបេសកកម្មនៅកម្ពុជារយៈពេល ៣ឆ្នាំកន្លងមក។
ពាក់ព័ន្ធដល់ស្ថានភាពនៅកម្ពុជា នាយឧត្ដមសេនីយ៍ សៅ សុខា បានលើកឡើងពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបានឆ្លងទៅប្រជាពលរដ្ឋកម្ពុជា សរុប១២២នាក់ ប៉ុន្តែអាស្រ័យដោយមាន ការដឹកនាំឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមត្ថភាពក្រុមជំនាញសុខាភិបាល ការចូលរួមពីមន្រ្តីរាជការ ប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភរបស់បណ្ដា ប្រទេសជាមិត្ត កម្ពុជាបានទប់ទល់ការរាតត្បាត និងព្យាបាលជំងឺនេះឲ្យជាសះស្បើយអស់ជាស្ថាពរ។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ជូស៊ែល ជេ ហ្សូនីហ្គា បានជម្រាបជូននាយឧត្ដមសេនីយ៍ អំពីកិច្ចការដែលលោកសម្រេចបានក្នុងបេសកកម្មកាទូតនៅកម្ពុជាកន្លងមក ក្នុងនោះជោគជ័យធំបំផុត គឺការចុះអនុស្សរណៈយោគយល់រវាងក្រសួងការពារជាតិប្រទេសទាំងពីរនាអំឡុងឆ្នាំ២០១៦ ដែលជាការត្រួសត្រាយផ្លូវដល់ការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ព ប្រទេសទាំងពីរមានភាពល្អប្រសើរ៕