(កំពង់ឆ្នាំង)៖ នៅក្នុងសាលានយោបាយក្នុងក្រុងកំពង់ឆ្នាំង នៅសប្តាហ៍នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដែនដីព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ស្ថិតនៅក្នុងស្រុកទឹកផុសរាប់រយហិកតា កន្លងមកត្រូវបានក្រុមឈ្មួញឈូសឆាយបំពានយក ហើយបន្តមកក៏មានក្រុមឈ្មួញមួយចំនួន បានញុះញង់ពលរដ្ឋដែល ជាមេខ្យល់បន្តរំលោភបំពានកាន់កាប់បន្ថែមទៀតនោះ។
លោកអភិបាលខេត្ត កំពុងតែធ្វើកិច្ចការនេះយ៉ាងក្តៅគគុកដោយជាបន្ទាន់ផងដែរ ដោយបានដាក់បទបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ រួមទាំងមន្ត្រីអ្នកពាក់ព័ន្ធទាំងអស់ ចុះធ្វើកិច្ចការជាបន្ទាន់ ដោយប្រកាសឱ្យប្រជាពលរដ្ឋ ឬក៏ក្រុមឈ្មួញដែលកំពុងតែកាន់កាប់ និងសង់លំនៅដ្ឋាននៅក្នុងដែនដីព្រះរាជក្រឹត្យខាងលើនេះ សុំឲ្យរុះរើចេញជាបន្ទាន់ ដោយចាប់អនុវត្តពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលមានរយៈពេល ៣០ថ្ងៃជាកំហិត។
លោកក៏បានឲ្យដឹងទៀតថា លោកបានរៀបចំគណៈកម្មការចំនួន ៤ក្រុមសម្រាប់ធ្វើកិច្ចការនេះរួមមាន៖
*ក្រុមទី១៖ ចុះពិនិត្យនិងធ្វើការស្រាវជ្រាវចំពោះប្រជាពលរដ្ឋ ដែលរស់ក្នុងដែនព្រះរាជក្រឹត្យនៅអំឡុងឆ្នាំ២០១៣ និងក្រោយឆ្នាំ២០១៣
*ក្រុមទី២៖ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងដែនព្រះរាជក្រឹត្យទាំងអស់ឲ្យធ្វើការរុះរើចេញ ដូចដែលបានកំណត់នៅក្នុងឱសានវាទ
*ក្រុមទី៣៖ កំណត់មុខសញ្ញា និងអនុវត្តតាមផ្លូវច្បាប់ ទៅលើមេខ្លោងទាំង ១០នាក់ ដែលមានការពាក់ព័ន្ធក្នុងករណីរំលោភយកដីព្រះរាជក្រឹត្យខាងលើនេះ
*ក្រុមទី៤៖ ជាក្រុមដែលបោះបង្គោលព្រះរាជក្រឹត្យបន្ថែម ដោយក្នុងមួយគីឡូ បោះមួយបង្គោលបន្ថែមទៀត តែក្រុមគណៈកម្មការទី៤នេះពុំទាន់បានចុះធ្វើសកម្មភាពនៅឡើយទេ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមទៀតថា អ្នកដែលរំលោភយកដីព្រះរាជក្រឹត្យមិនអាចអត់ឱនឲ្យបានទេ បន្ទាប់ពីធ្វើកិច្ចការទៅលើដីព្រះរាជក្រឹត្យឆ្នាំ១៩៩៣ រួចហើយ លោកបន្តអនុវត្តពិនិត្យលទ្ធភាពទៅលើដីរបស់រដ្ឋមួយចំនួនទៀត រួមទាំងដីព្រៃលិចទឹកដែលជាតំបន់ ២និងតំបន់៣ ដែលបច្ចុប្បន្នត្រូវបានគេឈូសឆាយបំផ្លាញ និងរំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងអាណាធិបតេយ្យផងដែរ។
ចំណែកក្រុមឈ្មួញ ដែលញុះញង់ពលរដ្ឋឱ្យរំលោភបំពានលើដីព្រះរាជក្រឹត្យឆ្នាំ១៩៩៣ និងរំលោភបំពានទៅលើដីរបស់កងទ័ពដែលទុកសម្រាប់បាញ់គ្រាប់ពិត រួមទាំងមន្ត្រីមួយចំនួន ដែលពាក់ព័ន្ធក្នុងការចុះហត្ថលេខា លក់ដូរដីធ្លីទាំងនោះ គួរតែកសាងសំណុំរឿងទៅកាន់តុលាការ។
ដើម្បីការពារ និងគ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំឱរាល់ គណ:បញ្ជាការឯកភាពខេត្ត កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការតាមគ្រប់រូបភាព ស្របតាមនីតិវិធី អោយបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំង អស់មិនឲ្យកើតមានជាបន្តទៀត។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៣ ក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោ សហការជាមួយក្រុមបច្ចេកទេសរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ចុះពិនិត្យវាស់វែង ដែលមានផលប៉ះពាល់ជាមួយ ប្រជាពលរដ្ឋចំនួន ១៣ភូមិ ក្នុងឃុំចំនួន ៣ គឺឃុំក្បាលទឹក ឃុំទួលខ្ពស់ ឃុំក្តុលសែនជ័យ បានកាត់ឆ្វៀលដី តាមរយៈអនុប្រយោគរបស់រាជរដ្ឋាភិបាលរួចហើយ ដោយឡែកក្រុមការងារបានធ្វើអត្តសញ្ញាណកម្មដី ដែលមានផលប៉ះពាល់រួចហើយដែរ៕