(ភ្នំពេញ)៖ បុរស៣នាក់បានរងរបួសធ្ងន់ធ្ងរ ដោយក្នុងនោះមានម្នាក់ជាអ្នកបើករថយន្ត ត្រូវគៀបជាប់នៅក្នុងកាប៊ីនមុខ នៃរថយន្តកុងតឺន័រ ដឹកកង់ត្រាក់ទ័រធុនធំមួយគ្រឿង ក្រោយពីជនរងគ្រោះម្នាក់ បើកម៉ូតូទៅបុកទម្លុះចូលរថយន្ត យ៉ាងពេញទំហឹង ស្ថិតចំណុចផ្លូវរទេះភ្លើង តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ នៅវេលាម៉ោង១០៖៤៥នាទី យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នេះ ដែលមើលទៅគួរឲ្យញាក់សាច់ និងរន្ធត់យ៉ាងខ្លាំង។
ភ្នាក់ងារ Fresh News បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកសង់ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1D-2197 ជិះតែម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ បុរសខាងលើ ក៏បានរេចង្កូតចូលទៅខាងស្តាំផ្លូវ ស្រាប់តែបុកផ្ទប់នឹង រថយន្តកុងតឺន័រមួយគ្រឿង ចំពីមុខពេញទំហឹងលាន់ស្នូរដូចរន្ទះ បណ្តាលឲ្យពួកគេទាំង៣នាក់រងរបួសធ្ងន់ ក្នុងនោះអ្នកបើករថយន្តកុងតឺន័រត្រូវគៀបជាប់ នៅក្នុងកាប៊ីន ខណៈព្រូរថយន្តម្នាក់ទៀត ក៏រងរបួសធ្ងន់ផងដែរ។
ក្រោយកើតហេតុ ក្រុម៧១១ នៃកងពលតូចលេខ៧០ បានបញ្ជូនឧបករណ៍មកកាត់ និងអារ ដើម្បីយកជនរងគ្រោះ ដែលគៀបជាប់នោះ ចេញមកក្រៅ ហើយជួយដឹក ពួកគេទាំង៣នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ដោយឡែកម៉ូតូ និងផ្នែកខាងមុខ នៃរថយន្តត្រូវ រងការខូចខាតស្ទើរតែទាំងស្រុង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញ ចុះអន្តរាគមន៍វាស់វែងអូសយកទាំងរថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅ ពេលក្រោយ៕
ញាក់សាច់ ! បើកម៉ូតូបុកចូលកាប៊ីនរថយន្តកុងតឺន័រ រងរបួសធ្ងន់៣នាក់, ជនរងគ្រោះម្នាក់ គៀបជាប់ក្នុងរថយន្ត
Posted by Fresh News on Thursday, January 14, 2016