(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា កងទ័ពមួកខៀវកម្ពុជាចំនួន៣រូបថ្មីទៀត ដែលបានឆ្លងវីរុស COVID-19 នៅក្នុងតំបន់បេសកកម្ម នៃប្រទេសម៉ាលី ពេលនេះកំពុងមានសុខភាពល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។

លោកឧត្តមសេនីយ៍ឯក បានឱ្យដឹងថា កងទ័ពមួកខៀវកម្ពុជា ចំនួន៣រូប ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកជំងឺកូវីដ១៩ បន្ទាប់ពីចូលរួមនៅក្នុងបេសកម្មបោសសំអាតជាតិផ្ទុះ ជាមួយកងទ័ពមួកខៀវ នៃប្រទេសមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានបញ្ជាក់ថា៖ «មកដល់ពេលនេះកងកម្លាំងមួកខៀវកម្ពុជាទាំង ៣រូប មានសុខភាពល្អជាធម្មតាឡើងវិញហើយ និងរង់ចាំយកសំណាកទៅធ្វើតេស្តជាថ្មី នៅថ្ងៃទី២៥ ខែឧសភា ខាងមុខនេះ»

បន្ថែមពីនេះលោកឧត្តមសេនីយ៍ឯក បានឱ្យដឹងថា ចាប់តាំងពីពិភពលោកបានផ្ទុះវីរុស COVID-19 មកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ជានិច្ចកាលតែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំក្នុងការតាមដាន ពិនិត្យសុខភាព របស់កងកម្លាំងមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មតរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្រៅប្រទេសចំនួន៤ រួមមាន៖ ប្រទេសលីបង់, ប្រទេសស៊ូដង់ខាងត្បូង ប្រទេសម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់បន្ថែមទៀតថា ជាក់ស្តែងខណៈវីរុស COVID-19 កំពុងរាតត្បាតនេះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាដល់កងទ័ពមួកខៀវចំនួន៥ កងកម្លាំងធំៗ ក្នុងមួយកងៗ ទទួលបានថវិកា ចំនួន៥០០០ដុល្លារ ដោយឡែកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជូនជាបន្តបន្ទាប់នូវថ្នាំពេទ្យ ព្រមទាំងសម្ភារ ឧបករណ៍វាសកម្តៅត្រូវបានទៅកាន់ប្រទេសទាំង ៤ ដែលមានវត្តមានកងទ័ពមួកខៀវកម្ពុជា ទាំងនេះ គឺជាការបង្ហាញឱ្យឃើញពីទឹកចិត្តខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំលើកងកម្លាំងមួកខៀវនៅក្រៅប្រទេស។

បច្ចុប្បន្ននេះកម្ពុជាមានកងកម្លាំងទ័ពមួកខៀវជិត ៣០០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ហើយកងកម្លាំងជិត ៣០០នាក់នោះ គឺបានបែងចែកគ្នា ទៅបំពេញបេសកកម្មចំនួន៦ តំបន់ផ្សេងៗគ្នារួមមាន៖ តំបន់បាម៉ាកូម្នាក់, តំបន់គីដាល់ ៨២នាក់, តំបន់ទេសាលីត ៧២នាក់, តំបន់ហ្កាវ ១០៥នាក់, តំបន់ទុំបុកទូ ២១នាក់ និងតំបន់ម៉ប់ទី ១៨នាក់។

គួរជម្រាបថា កាលពីអំឡុងដើមខែមេសា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិកម្ពុជា បានបញ្ជូនសម្ភារការពារមេរោគឆ្លង COVID-19 រួមមាន៖ ម៉ាស់ ទឹកអាល់កុល និងជែលលាងដៃ ដែលចំណាយថវិកាជាង ២ម៉ឺន ៥ពាន់ដុល្លារ ព្រមទាំងបានផ្តល់អាវពាក់ការពារ មេរោគឆ្លងប្រមាណជិត ៨០កំប្លេ ចំណាយថវិកាអស់ប្រមាណ១៤,០០០ដុល្លារ។ បន្ថែមពីលើជំនួយពីអង្គការសហប្រជាជាតិ ផ្តល់ជូនកងទ័ពមួកខៀវ កម្ពុជាកំពុងឈរជើង តាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសលីបង់, ប្រទេសស៊ូដង់ខាងត្បូង ប្រទេសម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

មកទល់នឹងពេលនេះមានកងទ័ពមួកខៀវកម្ពុជាចំនួន ៦រូប ដែលត្រូវបានរកឃើញមានផ្ទុកជំងឺកូវីដ១៩ ក្នុងនោះមាន៣នាក់ ដែលបានឆ្លងមុនហេីយជាសះស្បេីយ នឹងចាកចេញពីបន្ទប់ការធ្វើចត្តាឡីស័ក នៅថ្ងៃទី២៥ ខែឧសភា ខណៈ៣នាក់ ចុងក្រោយនឹងត្រូវយកសំណាកទៅពិនិត្យឡើងវិញ នៅថ្ងៃទី២៥ ខែឧសភា ផងដែរ៕