(ភ្នំពេញ)៖ រថយន្តCorolla មួយគ្រឿង បានក្រឡាប់ផ្ញើជើង បន្ទាប់ពីបើកលឿន មិនប្រយ័ត្ន ហើយជ្រុលទៅបុករះរនាំងដែក ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរនាំងដែក ចំនួន៥ផ្ទាំងត្រូវបាក់ទ្រេត រងការខូចខាត ខណៈរថយន្តបង្ក រងការខូចខាតផងគួរសមផងដែរ នៅម៉ោង១០និង00នាទី យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខនឹងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា រថយន្តបង្ក ពណ៌ទឹកប្រាក់ពាក់សា្លកលេខភ្នំពេញ 2H-4306 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្ស៣នាក់ផ្សេងទៀត ជាលក្ខណៈគ្រួសារ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលបុករះរនាំងដែក ពេញទំហឹង ហើយបួងចង្កូតជ្រុល ក្រឡាប់តែម្តងទៅ។
ភ្លាមៗនោះ មនុស្សនៅក្នុងរថយន្ត ទាំងអស់បានលូន ចេញមកក្រៅរួចគេចបាត់ស្រមោល។ ដោយឡែក រថយន្ត ត្រូវសមត្ថកិច្ចចុះវាស់វែងស្ទូចយកទៅកាន់ ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕