(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានសំណេះសំណាលជាមួយ លោកវរសេនីឯក ជូស៊ែល ជេ ហ្សូនីហ្គា (JOSELJ ZUNIGA ) អនុព័ន្ធយោធាហ្វីលីពីន ដែលទើបបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា បានចូលជួបសម្តែងការគួរសម និងជម្រាបលា នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០។
ក្នុងជំនួបពិភាក្សាការងារប្រកបដោយភាពស្និតស្នាលនេះ គឺធ្វើឡើងដើម្បីទំនាក់ទំនងល្អនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន និយាយជារួម និងបង្កើនចំណងសាមគ្គីភាពជាមួយកងពលតូចលេខ៧០។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានជម្រាបជូនប្រតិភូថា កម្ពុជាមានសន្តិភាព មានការអភិវឌ្ឍ ក្នុងកងយោធពលខេមរភូមិន្ទ ក៏មានការរីកចម្រើនជាលំដាប់ទាំងសម្ភារប្រើប្រាស់ និងមានជំនាញច្បាស់លាស់។
ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានចូលរួមមរណទុក្ខ និងសោកស្ដាយបំផុត ចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនហ្វីលីពីន ដោយសារការរាតត្បាតជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងមួយផ្នែកដោយសារជួបគ្រោះធម្មជាតិខ្យល់ព្យុះនៅលើកោះ៕