(ភ្នំពេញ)៖ តំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថានរដ្ឋ២២នាក់ បានចូលរួមក្នុងកិច្ចប្រជុំតាមអនឡាញ រៀបចំឡើងដោយការិយាល័យ នៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំនៅកម្ពុជា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង បង្ហាញដល់សាកលវិទ្យាល័យ ជាសមាជិករបស់ AUF នូវរបៀបប្រើប្រាស់ និងស្រាវជ្រាវធនធានឯកសារ ការបញ្ចូលអ្នកជំនាញ ក្នុងបណ្តាញអ្នកជំនាញនៅលើពិភពលោក ការផ្សព្វផ្សាយស្នាដៃស្រាវជ្រាវនានា របស់សាស្ត្រាចារ្យជំនាញ និងផ្នែកស្រាវជ្រាវ ចូលក្នុងបណ្ណាល័យឌីជីថល BNEUF https://bneuf.auf.org/។
លោក អ៊ឹម ក្រាវង្ស ប្រធានការិយាល័យរបស់ AUF នៅកម្ពុជា បានស្នើតំណាងគ្រឹះស្ថានឧត្តមសិក្សាជាសមាជិក ឲ្យប្រើប្រាស់ធនធានក្នុងបណ្ណាល័យឌីជីថលនេះ និងសុំជួយផ្សព្វផ្សាយបន្តដល់គ្រប់មជ្ឈដ្ឋានអ្នកសិក្សាស្រាវជ្រាវ និងនិស្សិត ហើយក៏បានស្នើដល់គ្រឹះស្ថានឧត្តមសិក្សាទាំងឡាយ ចូលរួមផ្សព្វផ្សាយ និងចែករំលែកធនធានដែលមានស្រាប់ និងផ្ញើបញ្ជីឈ្មោះសាស្ត្រាចារ្យជំនាញ និងផ្នែកស្រាវជ្រាវដើម្បីដាក់បញ្ចូលក្នុងក្រាំង អ្នកជំនាញរបស់គ្រឹះស្ថានផ្ទាល់លើ BNEUF។ ការណ៍នេះធ្វើឲ្យគ្រប់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាសមាជិករបស់ AUF អាចរំលេចខ្លួនលើឆាកអន្តរជាតិ និងផ្សព្វផ្សាយពីអ្នកជំនាញ និងធនធានស្រាវជ្រាវរបស់ខ្លួនលើ BNEUF បានយ៉ាងទូលំទូលាយ។
លោកបានលើកឡើងថា «ការដាក់បញ្ចូលឯកសារស្រាវជ្រាវ និងរបកគំហើញលើគ្រប់វិស័យ ជាពិសេសផ្នែកវប្បធម៌ ទំនៀមទំលាប់ ជាភាសាជាតិក្តី ជាភាសាបរទេសក្តី ធ្វើឲ្យអ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិ អាចស្វែងយល់ពីកម្ពុជា ព្រមទាំងធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំនាញ និងសាកលវិទ្យាល័យកម្ពុជា ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការផ្សេងៗ នាពេលអនាគត»។
លោកបានបន្តថា និស្សិត និងសាស្ត្រាចារ្យ ក៏អាចសិក្សាឯកសារស្រាវជ្រាវ តាមរយៈសៀវភៅផ្សេងៗ ដែលបានបោះពុម្ពផ្សព្វផ្សាយដោយគ្រឹះស្ថានជាតិ និងអន្តរជាតិ បានយ៉ាងងាយស្រួលតាមរយៈបណ្ណាល័យនេះ ហើយអ្នកស្រាវជ្រាវក៏អាចរំលេចនូវស្នាដៃស្រាវជ្រាវរបស់ខ្លួន ជាសាកលបានដែរ ត្បិតការបោះពុម្ពផ្សព្វផ្សាយនិក្ខេបបទ និងការស្រាវជ្រាវវិទ្យាសាស្ត្រកន្លងមក មិនទាន់មានលក្ខណៈទូលំទូលាយទាំងនៅកម្ពុជា ក៏ដូចជាលើឆាកអន្តរជាតិ។
សូមជំរាបថា បណ្ណាល័យឌីជីថល BNEUF បង្កើតឡើងដោយ AUF ដែលមានការចូលរួមពីសាកលវិទ្យាល័យ ជាសមាជិកនៅទូទាំងពិភពលោក។ បច្ចុប្បន្ន មានធនធានឯកសារជាង១១លានច្បាប់ និងអ្នកជំនាញជាង២ម៉ឺននាក់។ និស្សិត និងសាស្ត្រាចារ្យ អាចចូលប្រើប្រាស់ដោយសេរី និងឥតគិតថ្លៃ។
BNEUF ជាបណ្ណាល័យមួយដែលសំបូរបែប និងមានគ្រប់វិស័យ រួមចំណែកដល់អ្នកស្រាវជ្រាវ និងអ្នកសិក្សាពីចម្ងាយ ឆ្លើយតបនឹងបរិបទពិភពលោក ដែលកំពុងបន្តនិងពង្រីកការសិក្សាតាមអនឡាញ ដើម្បីការពារនឹងប្រឆាំងការរីករាលដាល នៃមេរោគកូវីត១៩។
រហូតដល់ពេលនេះ កម្ពុជាមានគ្រឹះស្ថានមួយចំនួនហើយ ដែលបានបញ្ចូលអ្នកជំនាញរបស់ខ្លួនរួចហើយ ក្នុងបញ្ជីអ្នកជំនាញ នៃបណ្ណាល័យ BNEUF។ អ្នកជំនាញជាច្រើនទៀត នៅកម្ពុជានឹងត្រូវបញ្ចូលក្នុងបណ្តាញអ្នកជំនាញពិភពលោកជាបន្តបន្ទាប់ ដើម្បីធ្វើការសហការជាមួយ សាកលវិទ្យាល័យអន្តរជាតិនានា លើពិភពលោក។
ក្រោយពីបានធ្វើបទបង្ហាញអំពីរបៀបចូលប្រើប្រាស់ និងការចុះឈ្មោះក្នុងបណ្តាញអ្នកជំនាញនៅលើ BNEUFរួចមក តំណាងគ្រឹះស្ថានឧត្តមសិក្សា មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះអត្ថប្រយោជន៍ នៃបណ្ណាល័យឌីជីថលនេះ។ នៅក្នុងបណ្ណាល័យនេះ ក្រៅពីមានឯកសារសិក្សាស្រាវជ្រាវដ៏សំបូរបែប នូវមានផែនទី និងផែនទីបង្ហាញអ្នកជំនាញ (Atlas de l’expertise) នៅតាមតំបន់ និងប្រទេសនានាលើពិភពលោក រួមនិងបណ្តាញសង្គមដែលអ្នកសិក្សា អាចបង្កើតឡើង ដោយផ្ទាល់នៅលើ BNEUF ដោយធ្វើការភ្ជាប់ជាមួយ Facebook ឬក៏អ៊ីម៉ែល Google ផ្ទាល់ខ្លួនបានដោយងាយស្រួល។
លោកស្រីបណ្ឌិត ម៉ែន ចាន់ទេវី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចាប់អារម្មណ៍ថា មានចំណុចល្អៗ ណាស់សម្រាប់និស្សិត និងសាស្ត្រាចារ្យ អាចចូលស្រាវជ្រាវបាន។ លោកស្រី បានស្នើឲ្យអ្នកជំនាញរបស់ AUF ចូលរួមធ្វើបទបង្ហាញពីរបៀបប្រើប្រាស់ និងការចុះឈ្មោះតាមអនឡាញ ដល់និស្សិត និងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ តាមកម្មវិធីដែលនឹងទទួលបានការឯកភាព ពីសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចាប់ពីសប្តាហ៍ក្រោយ។
ដោយឡែកសាលាភូមិន្ទរដ្ឋបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខភិបាល និងសាកលវិទ្យាល័យមួយចំនួនទៀត ក៏នឹងស្នើឲ្យ AUF ជួយរៀបចំធ្វើបទបង្ហាញដល់និស្សិត និងសាស្រាចារ្យ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕