(ភ្នំពេញ)៖ ដោយទឹកចិត្ដនឹករលឹក និងក្ដីកង្វល់ពីស្ថានភាពរស់នៅប្រចាំថ្ងៃ របស់កុមារកំព្រា និងជនគ្មានទីពឹង នៅក្នុងសមាគមតន្ដ្រីសំនៀងជនពិការ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែបន្ដជួយឧបត្ថម្ភនូវស្បៀងអាហារ សម្ភារ និងថវិកាមួយចំនួនសម្រាប់សម្រាលការលំបាកដល់សមាគម។
ជាក់ស្ដែង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យក្រុមការងារ ដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី១៣ ដល់សមាគមតន្ត្រីសំនៀងជនពិការ ដែលមានទីតាំងនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងពីការផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាគមតន្ត្រីសំនៀងជនពិការផងដែរ។
ជាមួយគ្នានោះ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា «ទោះក្នុងកាលៈទេសៈណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែមិនភ្លេច និងនឹងរលឹក អាណិតស្រលាញ់ និងខ្វល់ខ្វាយពីកូនក្មួយជានិច្ច។ ជាពិសេស គឺបារម្ដណាស់ ដោយបច្ចុប្បន្ននេះ កម្ពុជា ក៏ដូចជាប្រទេសលើសកលលោក កំពុងជួបវិបត្ដិនូវការរាតត្បាតនូវជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងឈឺ ជាច្រើនលាននាក់ ដោយជំងឺនេះ»។
ពិតណាស់ថា នៅកម្ពុជាយើងមិនមានករណីស្លាប់ ហើយអ្នកឈឺដោយការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ចំនួន១២២នាក់ បានជាសះស្បើយទាំងអស់ តែជំងឺនេះមិនទាន់ស្លាប់ពីលើភពលោកផែនដីយើងនោះទេ ដែលធ្វើឱ្យគ្រប់បណ្ដាប្រទេស រួមទាំងប្រទេសយើងផងដែរ ងាយផ្ទុះឡើងវិញនូវជំងឺកូវីដ១៩នេះម្ដងទៀត ដែលជារលកទី២។
កត្ដាដូចនេះហើយ សូមកូនក្មួយ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពាររលកទីពីរនៃការចម្លងវីរុសកូវីដ១៩នៅកម្ពុជា តាមរយៈការអនុវត្តនូវវិធានការការពារ របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ ដៃស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់), ប្រើកន្សែងឬក្រមា ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល មិនចាំបាច់កុំប្រារព្ធកម្មវិធីជួបជុំផ្សេងៗ ឬទៅកាន់កន្លែងទីប្រជុំជនមានមនុស្សច្រើន ដែលបណ្ដាលឱ្យងាយឆ្លងជាទីបំផុត។
ក្នុងកាលៈទេសៈនេះ ក៏កូនក្មួយទាំងអស់ ក៏ត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈ ទោះជាពិការតែកាយ តែមិនពិការចិត្ត ហើយត្រូវមានមោទនភាព ដោយបានការគិតគូរពីថ្នាក់ដឹកនាំ សប្បុរសជន ជាពិសេស គឺរាជរដ្ឋាភិបាលកម្ពុជា។ សូមបន្តរក្សាឯកភាពផ្ទៃក្នុង សាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក ស្រឡាញ់គ្នា និងរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ក្រោមម្លប់នៃសន្តិភាពនេះ។
ក្នុងឱកាសនោះ សមាគមតន្ដ្រីសំនៀងជនពិការ បានបង្ហាញទឹកចិត្ដសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការយកចិត្ដទុក្ខដាក់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបន្ដជួយជ្រោមជ្រែង លើកទឹកចិត្ដ មិនរើសអើង ថែមទាំងផ្ដល់នូវក្ដីអាណិតស្រលាញ់ និងផ្គង់ផ្ដត់សម្រាលការលំបាកនានារបស់សមាគមកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ ។
សូមជម្រាថា អំណោយផ្តល់ជូនសមាគមតន្ត្រីសំនៀងជនពិការរួមមាន៖ អង្ករ ២តោន មី ៥០កេស ត្រីខ ៥កេស សៀងផ្អែម-ប្រៃ ៥០គីឡូក្រាម ឆៃប៉ូវផ្អែម-ប្រៃ ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ ២៤ដប ទឹកត្រី ២៤ដប ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០កេស និងថវិកា ១០លានរៀល។ ដោយឡែកជនពិការ ១០២នាក់ និងបុគ្គលិក ១៥នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ៥ម៉ឺនរៀល។
សមាគមតន្ដ្រីសំនៀងជនពិការ ដែលបង្កើតឡើងនៅឆ្នាំ២០១៣នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតជាប្រធាន សម្ដេចតែងតែ ផ្ដល់ជំនួយឧបត្ថម្ភជាសម្ភារ ស្បៀងអាហារ និងថវិកា ចាប់ពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ ពិសេសផ្ដល់ថវិកា៥ម៉ឺនដុល្លារ សម្រាប់ទិញដីធ្វើមណ្ឌល, ផ្ដល់ថវិកា៣ម៉ឺនដុល្លារ សម្រាប់សាងសង់មណ្ឌល ឧបត្ថម្ភការរៀបការអាពាហ៍ពិពាហ៍ចំនួន៦គូ សម្ដេចចងដៃកូនកម្លោះក្រមុំ១គូ ១០លានរៀល និង៥គូទៀត ១គូៗចំនួន២លានរៀល, រួមទាំងឧបត្ថម្ភថវិកា និងស្បៀងមួយចំនួនទៀត ។
ជាងនេះទៅទៀត ក្នុងឱកាសក្រុមការងារចុះសំណេះសំណាលសួរសុខទុក្ខ សមាគមតន្ដ្រីសំនៀងជនពិការនេះ ក៏បានបន្ដឧបត្ថម្ភ នូវសម្ភារ ឧបករណ៍ មួយចំនួនទៀត ដែលជាតំរូវការចាំបាច់បំផុត របស់សមាគមផងដែរ៕