(ភ្នំពេញ)៖ និស្សិត និងអ្នកស្រាវជ្រាវ ២៧រូប មកពីសាកលវិទ្យាល័យនៅលើពិភពលោក បានចូលជួយសម្តែងការគួរសម និងសំ ណេះសំណាលជាមួយទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ក្នុងបំណងស្វែងយល់ពីការធ្វើកំណែទម្រង់ របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាវឌ្ឍនភាពរបស់កម្ពុជាលើវិស័យពាណិជ្ជកម្មផងដែរ។
ជំនួបនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ និស្សិតបញ្ញវន្ត និង អ្នកស្រាវជ្រាវ ២៧រូបនេះ អញ្ជើញមកពីសាលា Harvard Kennedy School សាលាពាណិជ្ជកម្ម Harvard សាលាអប់រំ Harvard មហាវិទ្យាល័យ Harvard សាលាច្បាប់និងកាទូត (Fletcher School of Law and Diplomacy) សាលា Science Po Paris School សាកលវិទ្យាល័យ Oxford សាកលវិទ្យាល័យ Victoria និងក្រុម Sunway Education Group ដែលតំណាងឲ្យចំនួន១០ប្រទេសមកពីជុំវិញពិភពលោក។
ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងដោយ Asia Leadership Trek (ALT) សហការជាមួយមជ្ឍមណ្ឌលអាស៊ី (Asia Center) នៅសកលវិទ្យាល័យហាវឺត (Harvard University) ក្រោមកិច្ចឧបត្ថម្ភពីមជ្ឍមណ្ឌល Center for Asia Leadership Initiatives ក្រោមប្រធានបទ៖ «ការអភិវឌ្ឍតំបន់អាស៊ី៖ នៅពេលអាស៊ីក្លាយជាតំបន់សក្កានុពលនៃពិភពលោក»។
ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់ក្រុមគណៈប្រតិភូអំពីទិដ្ឋភាពទូទៅនៃ សកម្មភាពបច្ចុប្បន្ន និងកំណែទម្រង់ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម ព្រមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពទាក់ទងនឹងគំនិតផ្តួចផ្តើមកំណែទម្រង់ទាំងនេះ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញគំនិតសុទិដ្ឋិនិយមរបស់ខ្លួនទាក់ទងនឹងរបៀប ដែលកម្ពុជា ធ្វើសមាហរណកម្មក្នុងតំបន់ និង របៀបកំណត់គោលជំហរ ដើម្បីទាក់ទាញការធ្វើពាណិជ្ជកម្ម និង ការវិនិយោគសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា៕