(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសេចក្តីរីករាយសូមជម្រាបជូនជាព័ត៌មានថា ៖ ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នំាជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នំា២០២០ គឺជាថ្ងៃដែលបណ្តាប្រទេសលើពិភពលោកប្រារព្ធទិវាមាត្រាសាស្ត្រពិភពលោក (World Metrology Day)។ ការប្រារព្ធទិវាមាត្រាសាស្ត្រពិភពលោកនេះ ត្រូវបានប្រព្រឹត្តទៅជាប្រចាំឆ្នាំ ក្នុងគោលបំណងរំលឹកអំពីការចុះហត្ថលេខាស្តីពីអនុសញ្ញាខ្នាត ដែលត្រូវបានរៀបចំឡើងនាថ្ងៃទី២០ ខែឧសភា ឆ្នាំ១៨៧៥ ដោយក្នុងពេលនោះមានតំណាងប្រទេសចំនួនដប់ប្រាំពីរបានចុះហត្ថលេខា។ អនុសញ្ញានេះ បានកំណត់ក្របខណ្ឌសម្រាប់កិច្ចសហការជាសកលនៅក្នុងវិទ្យាសាស្ត្រនៃរង្វាស់រង្វាល់ និងនៅក្នុងការអនុវត្តឧស្សាហកម្ម ពាណិជ្ជកម្ម និងសង្គម។

មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានគ្រោងរៀបចំទិវាមាត្រាសាស្ត្រពិភពលោក (World Metrology Day)នេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នំា២០២០ ផងដែរ ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់ និងឥទិ្ធពលនៃមាត្រាសាស្ត្រក្នុងការរស់នៅរបស់យើងតាមរយៈការជួយដោះស្រាយបញ្ហាពាណិជ្ជកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា សុវត្ថិភាព និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត។

ជាការពិតណាស់ មាត្រាសាស្ត្រ ដែលជាវិទ្យាសាស្ត្រនៃរង្វាស់រង្វាល់ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងរបកគំហើញវិទ្យាសាស្ត្រ និងនវានុវត្តន៍ ហើយការផលិតឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ គឺជាការលើកកម្ពស់គុណភាពជីវិត និងការពារបរិស្ថានពិភពលោក។ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ (COVID-19) មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានសម្រេចផ្អាករៀបចំកម្មវិធីនេះ។ ទោះជាយ៉ាងណា ប្រធានបទសម្រាប់ទិវាមាត្រាសាស្ត្រពិភពលោកឆ្នំា២០២០ គឺ «រង្វាស់រង្វាល់សម្រាប់ពាណិជ្ជកម្មសកល»។

ប្រធានបទនេះ ត្រូវបានជ្រើសរើស ដើម្បីបង្កើតការយល់ដឹងអំពីតួនាទីយ៉ាងសំខាន់របស់មាត្រាសាស្ត្រក្នុងការសម្របសម្រួលពាណិជ្ជកម្មសកលដោយយុត្តិធម៌ ធានាថាផលិតផលឆ្លើយតបតាមស្តង់ដារ និងបទប្បញ្ញត្តិ រួមទាំងធ្វើឱ្យអតិថិជនពេញចិត្តនូវគុណភាពដែលគាត់រំពឹងថាអាចទទួលបាន។

មាត្រាសាស្ត្រ គឺជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗផ្សេងទៀតដែលត្រូវយកទុកដាក់ ជាពិសេសមាត្រាសាស្ត្រ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរស់នៅរបស់យើង ជាអាទិ៍ ជួយគំាទ្រ សុខុមាលភាពរបស់សង្គមទំនើប ដោយគំាទ្រលើផ្នែកពាណិជ្ជកម្ម បទប្បញ្ញត្តិបច្ចេកទេស ការផលិត និងការការពារអតិថិជន ដោយពាក់ព័ន្ធស្ទើរគ្រប់ផ្នែកនៃការរស់នៅប្រចំាថ្ងៃរបស់មនុស្សជាតិ ដែលជាការពិតនោះ មាត្រាសាស្ត្រជាឆ្អឹងខ្នងផ្នែកបច្ចេកវិទ្យា ដើម្បីជំរុញការទុកចិត្ត ពីអតិថិជន និងជំនឿទុកចិត្តលើផលិតផល ទោះបីជារោងចក្រ សហគ្រាសធុនមធ្យម ឬតូច។ លើសពីនេះទៅទៀត ការប្រើរង្វាស់រង្វាល់ត្រឹមត្រូវ បានបន្ថែមនូវតម្លៃដ៏ធំធេងចំពោះដំណើរការផលិតកម្ម ដោយកាត់បន្ថយតម្លៃប្រាក់ដើម និងបង្កើនឱ្យមានជំនឿទុកចិត្តក្នុងទីផ្សារទាក់ទងនឹងបរិមាណតម្លៃ គុណភាព និងសុវត្ថិភាពនៃផលិតផល។

ការជំរុញវិស័យមាត្រាសាស្ត្រ គឺពិតជាគន្លឹះក្នុងការទាក់ទាញវិនិយោគិន ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើសពីនេះ វិស័យមាត្រាសាស្ត្រមានអត្ថប្រយោជន៍បន្ថែមទៀតដូចជា៖

- ធានាឱ្យការធ្វើពាណិជ្ជកម្មមានភាពយុត្តិធម៌ និងត្រឹមត្រូវ
- បង្កឱ្យការប្រើប្រាស់ឧបករណ៍មាត្រាសាស្ត្រមានភាពត្រឹមត្រូវសុចរិត
- ធានាផលប្រយោជន៍រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ផលិតផល ទំនិញ និងសេវាកម្ម
- ធានាធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពទំនិញ ផលិតផល សេវាកម្ម និងគ្រប់គ្រង
- លុបបំបាត់របាំងបច្ចេកទេស ដើម្បីឱ្យមានសុខដុមនីយកម្មក្នុងសកម្មភាពពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត
ដើម្បីសុខភាព សុវត្ថិភាព និងបរិស្ថាន
- សម្រួលការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេស ដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ច។

ឆ្លៀតក្នុងឱកាសនេះ សូមបញ្ជាក់បន្ថែមទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដើរតួនាទីដ៏សំខាន់ និងទទួលខុសត្រូវ ក្នុងការចង្អុលបង្ហាញដល់មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ លើការងារវិទ្យាសាស្ត្រមាត្រាសាស្ត្រ មាត្រាសាស្ត្រឧស្សាហកម្ម និងនីត្យានុកូលមាត្រាសាស្ត្រ។

ក្នុងនោះដែរកម្ពុជាយើង បានចូលជារដ្ឋសមាជិក រួមមាន៖ អង្គការនីត្យានុកូលមាត្រាសាស្ត្រអន្តរជាតិ (Organisation Internationale de Métrologie Légale - OIML) អង្គការវេទិកានីត្យានុកូលមាត្រាសាស្ត្រអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Legal Metrology Forum - APLMF) អង្គការកម្មវិធីមាត្រាសាស្ត្រអាស៊ីប៉ាស៊ីហ្វិក(Asia Pacific Metrology Programme - APMP) ក្រុមការងារទី៣នៃគណៈកម្មាធិការពិគ្រោះយោបល់អាស៊ានស្ដង់ដារនិងគុណភាព (ASEAN Consultative Committee for Standards and Quality on Working Group 3 - ACCSQ WG3) ស្ដីពីនីត្យានុកូលមាត្រាសាស្ត្រ និងត្រៀមចូលជារដ្ឋអង្កេតការណ៍ ក្នុងអង្គការការិយាល័យអន្តរជាតិទម្ងន់ និងរង្វាស់រង្វាល់ (Bureau International des Poids et Mesures - BIPM)។

សូមមេត្តាទទួលជ្រាបជាព័ត៌មាន អំពីការប្រារព្ធទិវាមាត្រាសាស្ត្រពិភពលោក ក្រោមប្រធានបទរង្វាស់រង្វាល់ សម្រាប់ពាណិជ្ជកម្មសកលនេះ៕