(ហ្សាកាតា)៖ ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS បានប្រកាសថា ពួកគេជាអ្នកបង្កការវាយប្រហារនៅរដ្ឋធានីហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី នាថ្ងៃព្រហស្បតិ៍នេះ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ។
លោកមេបញ្ជាការប៉ូលីសប្រចាំរដ្ឋធានីហ្សាកាតា ក៏បានប្រកាសដូចគ្នាផងដែរថា ក្រុមឧទ្ទាមISIS គឺពិតជានៅពីក្រោយការវាយប្រហារនេះយ៉ាងពិតប្រាកដ ដែលបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ ក្នុងនោះរួមមាន៤នាក់ជាជនសង្ស័យ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារចំនួនប្រាំពីរកន្លែង នៅក្នុង និងក្បែរហាងលក់ទំនិញមួយ។
សូមជម្រាបថា ហេតុការណ៍បំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារនេះ ស្ថិតនៅចម្ងាយត្រឹមប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ពីការិយាល័យរបស់អង្គការសហប្រជាជាតិ។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបញ្ជាក់ថា នឹងមានការរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់ ដើម្បីពិភាក្សាពីបញ្ហាភេរវកម្មពីសំណាក់ពួកឧទ្ទាមISIS ជាលើកដំបូងនេះ៕