(ភ្នំពេញ)៖ សម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងក្រុមហ៊ុន យូនីលី វើ (ខេមបូឌា) លីមីធីត ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ។

ពិធីប្រគល់-ទទួលសម្ភារពេទ្យនេះ បានប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) ឱ្យបានកាន់តែឆាប់រហ័ស។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា ជំនួយមនុស្សធម៌នេះ មិនត្រឹមតែចូលរួមចំណែកពង្រឹងសមត្ថភាព ឆ្លើយតបបន្ទាន់ចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនកម្ពុជាផងដែរ។

សូមជម្រាបថា សម្ភារបរិក្ខារពេទ្យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវបានប្រគល់ជូនដល់ក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល មានដូចជា៖ ម៉ាសពេទ្យ ចំនួន១០,០០០ និងសម្លៀកបំពាក់សុវត្ថិភាពរបស់មន្ដ្រីសុខាភិបាល ចំនួន១,៥០០កំប្លេ។

សម្រាប់សម្ភារ ក្រុមហ៊ុន យូនីលី វើ (ខេមបូឌា) លីមីធីត រួមមាន៖ Portable Ventilator, Model: Y-30Tចំនួន ១០, PCS ទម្ងន់ ៤៩គីឡូក្រាម គិតជាទឹកប្រាក់សរុបជាង ៣ម៉ឺនដុល្លារ៕