(ព្រៃវែង)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានប្រាប់អង្គភាព Fresh News ថា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅវេលាម៉ោងជាង៦ លោកអភិបាលស្រុកពាមរក៌ ជុំ សាមឿន បានបើករថយន្ត បុកអ្នកជិះម៉ូតូម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៌ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនលោកអភិបាលស្រុក នាំយកទៅសួរនាំ នៅស្នងការដ្ឋាននគរបាល ដើម្បីចាត់ការបន្តតាមនីតិវិធី។
បើតាមលោកស្នងការ មុនពេលកើតហេតុ លោក ជុំ សាមឿន បានបើករថយន្តម៉ាក Lexus RX-300 ពាក់ស្លាកលេខ 2Q-5098 ពីត្បូងទៅជើង ពេលនោះជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុប បើកម៉ូតូមកពីមុខ ក៏បុកពេញមួយទំហឹង បណ្តាលឲ្យដួលស្លាប់ភ្លាមៗតែម្តង ។
ទាំងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុករង់ចាំការដោះស្រាយ ខណ:សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕