(កំពង់ធំ)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ, កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២០ បានសហការជាមួយមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចុះបង្ក្រាបបានករណីរថយន្តលួចដឹកជញ្ជូនផលិតផល មានដើមកំណើតពីសត្វ ដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

មន្រ្តីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ថា ការចុះបង្ក្រាបនេះ សមត្ថកិច្ចបានដកហូត បានវត្ថុតាង ជារថយន្តសាំងយ៉ុងពណ៌ស ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AN-1029 ដឹកជញ្ផូនគ្រឿងក្នុងសត្វគោចំនួន ១៦ឡាំងស្នោ ស្មើនឹង៩២៨គីឡូក្រាម ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។

ករណីខាងលើនេះសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រគល់វត្ថុតាងជូនមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕